OECD ព្យាករថា ជាង ២០ឆ្នាំទៀត អាមេរិកនឹងលែងក្លាយជាមហាសេដ្ឋកិច្ចធំបំផុតលើលោក

អន្តរជាតិ

យោងតាមរបាយការណ៍បង្ហាញដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ហៅកាត់ OECD បានអះអាង រយៈពេល ២៦ឆ្នាំទៀត ពោលគឺនៅឆ្នាំ២០៥០ សហរដ្ឋអាមេរិក នឹងលែងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកហើយ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Yahoo។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា ប្រទេសដែលនឹងដណ្ដើមតំណែងរបស់អាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក គឺប្រទេសចិន ស្របពេលអាមេរិកគឺខ្ទាតដល់លេខ ៣ ជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោក។

ការអះអាងរបស់ OECD គឺធ្វើឡើងផ្អែកតាមការស្រាវជ្រាវ និងព្យាករណ៍ទុក ដោយសំអាងលើការគណនា GDP សកលលោក និង GDP របស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោកទាំង២០ សន្ទុះនៃកំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច នៃមហាអំណាចសេដ្ឋកិច្ចទាំងនោះ ក៏ដូចជាភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ដែលកំពុងកើតមានសព្វថ្ងៃផងដែរ។

ខាងក្រោមនេះ គឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទាំង ៥ ដែល OECD បានព្យាករណ៍ទុកសម្រាប់ឆ្នាំ២០៥០៖

1/ប្រទេសចិន មានការព្យាករណ៍ទុកថា GDP សរុបអាចកើនដល់ ៤២,៩៦ទ្រីលានដុល្លារ ស្របពេលកំណើនប្រជាជន អាចឈានដល់ ១,៣១ពាន់លាននាក់

2/ប្រទេសឥណ្ឌា មានការព្យាករណ៍ទុកថា GDP សរុបអាចកើនដល់ ៣៨,៦៨ទ្រីលានដុល្លារ ស្របពេលកំណើនប្រជាជន អាចឈានដល់ ១,៦៧ពាន់លាននាក់

3/សហរដ្ឋអាមេរិក មានការព្យាករណ៍ទុកថា GDP សរុបអាចកើនដល់ ២៦,៥៨ទ្រីលានដុល្លារ ស្របពេលកំណើនប្រជាជន អាចឈានដល់ ៣៧៥,៣៩លាននាក់

4/ប្រទេសឥណ្ឌូណេស៊ី មានការព្យាករណ៍ទុកថា GDP សរុបអាចកើនដល់ ៦,៦ទ្រីលានដុល្លារ ស្របពេលកំណើនប្រជាជន អាចឈានដល់ ៣១៧,២៣លាននាក់

5/ប្រទេសរុស្ស៊ី មានការព្យាករណ៍ទុកថា GDP សរុបអាចកើនដល់ ៥,៦៩ទ្រីលានដុល្លារ ស្របពេលកំណើនប្រជាជន អាចឈានដល់ ១៣៣,១៣លាននាក់

សូមជម្រាបដែរថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកគឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក ដោយមាន GDP សរុប ២៥,៤ទ្រីលានដុល្លារ តាមពីក្រោយដោយមហាអំណាចចិន ដែលមាន GDP សរុប ១៧,៩ទ្រីលានដុល្លារ៕