ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda កំពុងបំពេញភារកិច្ចធ្វើទស្សនកិច្ចនៅប្រទេសចិន ដោយគ្រោងជួបជាមួយមេដឹកនាំកំពូល លោក ស៊ី ជិនពីង ជជែកគ្នា ពីបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញថា លោក Duda ជឿជាក់យ៉ាងមុតមាំថា ប្រទេសចិនគឺជាកូនសោយ៉ាងសំខាន់ សម្រាប់ដោះស្រាយបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយលោកនឹងព្យាយាមបញ្ចុះបញ្ចូល ឲ្យចិនចូលរួមដោះស្រាយបញ្ហាមួយនេះឲ្យបានកាន់តែឆាប់ កាន់តែប្រសើរ។
សូមជម្រាបដែរថា ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារ លើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសចិនបានប្រកាសថា នឹងឈរខ្លួននៅចំណុចកណ្ដាល មិនពាក់ព័ន្ធជាមួយបញ្ហានេះឡើយ ស្របពេលលោកខាងលិចបានព្យាយាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសរុស្ស៊ី និងទទូចសុំឲ្យចិនរួមដៃ ចូលរួមដោះស្រាយបញ្ហាមួយនេះឲ្យបានឆាប់បំផុត៕