ក្រុមហ៊ុនមេរបស់ Facebook គឺក្រុមហ៊ុន Meta Platforms បានជជែកគ្នា ជាមួយក្រុមហ៊ុនខ្នាតយក្ស Apple ជុំវិញកិច្ចសហប្រតិបត្តិការដ៏ធំ លើការអភិវឌ្ឍបច្ចេកវិទ្យា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal។

កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍បច្ចេកវិទ្យា AI របស់ Apple ត្រូវបានគេដឹង បន្ទាប់ពីក្រុមហ៊ុនអាមេរិកមួយនេះ ប្រកាសបញ្ចូលកម្មវិធី AI លើទូរស័ព្ទ iPhone ខណៈបច្ចុប្បន្ន Apple កំពុងស្វែងរកដៃគូសហការជាច្រើនទៀត បន្ទាប់ពីក្រុមហ៊ុន Meta។
បន្ថែមពីនោះ ក្រុមហ៊ុនឡូហ្គោផ្លែប៉ោមនេះ ក៏មានគម្រោងជជែកជាមួយក្រុមហ៊ុន AI ជាច្រើននៅប្រទេសចិន ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការមួយនេះ ស្របពេលលឺដំណឹងល្ហៀងៗថា ក្រុមហ៊ុនមេរបស់ Google គឺក្រុមហ៊ុន Alphabet កំពុងស្ថិតក្នុងរ៉ាដារបស់ Apple ក្នុងនាមជាដៃគូសហការយូរអង្វែងចំពោះគម្រោងការណ៍អភិវឌ្ឍ AI របស់ខ្លួន។
សូមជម្រាបដែរថា បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនកំពុងផ្ដោតខ្លាំងមែនទែន លើវិស័យបច្ចេកវិទ្យា AI តួយ៉ាងក្រុមហ៊ុន Meta Platforms របស់មហាសេដ្ឋី Mark Zuckerberg សំងំចាក់លុយរាប់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាមួយនេះ៕