៦ខែដំបូង វៀតណាម នាំចេញបន្លែ និងផ្លែឈើ ក្នុងតម្លៃជាង ៣ពាន់លានដុល្លារ

អន្តរជាតិ

នៅក្នុងរយ:ពេលត្រឹម ៦ខែដំបូងនៃឆ្នាំ២០២៤ នេះ ការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម អាចរកចំណូលបាន ៣,៤ពាន់លានដុល្លារ ពោលគឺកើនឡើងដល់ ២៨% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែតម្រូវការមានកើនឡើង នៅក្នុងទីផ្សារសំខាន់ៗមួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​សមាគមន៍​បន្លែ និងផ្លែឈើវៀតណាម បានបង្ហាញឲ្យដឹងថា ទីផ្សារធំៗដូចជាប្រទេសចិន ថៃ និងកូរ៉េខាងត្បូង បានបង្កើនការនាំចូលពីប្រទេសវៀតណាម ចន្លោះពី ៣០% ទៅ ៦០% ខណ:ទីផ្សារសំខាន់ៗមួយចំនួនផ្សេងទៀត បានបង្កើនការនាំចូល ពី ១០% ទៅ ៥០%។

គួរឲ្យដឹងផងដែរថា ចំពោះប្រទេសចិនដែលជាទីផ្សារធំជាងគេបំផុត បានចំណាយទឹកប្រាក់ដល់ទៅ ១,៧ពាន់លានដុល្លារ ចំពោះការនាំចូលបន្លែ និងផ្លែឈើរបស់វៀតណាម ក្នុងរយ:ពេល ៥ខែដំបូងឆ្នាំនេះ។

លោក Dang Phuc Nguyen អគ្គលេខាធិកា​សមាគម​បានមានប្រសាសន៍ថា វៀតណាម មាន​លក្ខណ:​សម្បត្តិ​ជាច្រើនជុំវិញការនាំចេញទៅកាន់ប្រទេសចិន ដោយសារទីតាំងភូមិសាស្ត្រនៅជិតគ្នា និងភាពស្រដៀងគ្នានៃម្ហូប អាហារ។ លោក​បាន​បន្ត​ទៀតថា ប្រទេស​ចិន​នឹង​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ដែល​អនុញ្ញាត​ឲ្យ​វៀតណាម ​អាច​នាំ​ចេញ​ទុរេន​ក្លាសេ និង​ផលិតផល​កសិកម្ម​មួយ​ចំនួន​ទៀត​ដូច​ជា​រុក្ខជាតិឱសថ ដូង និង​ផ្លែឈើ​កក។

លោក Dang ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ប្រសិន​បើ​ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក ​អាច​ទាញ​យក​ផល​ចំណេញ​បានពីកិច្ចព្រមព្រៀងខាងលើនេះ នោះការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​អាច​នឹង​កើន​ឡើង ១៥%ទៅ២០% នៅ​ឆមាស​ទីពីរ ហើយ​អាចរកចំណូលបានច្រើនជាង ៧ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ៕