ក្នុងពេលថ្មីៗនេះ មានសញ្ញាវិជ្ជមានជាច្រើនកំពុងបង្ហាញថា ប្រទេសចិន ហាក់បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចាប់ផ្តើមវិលទៅរកប្រទេសលីប៊ី ក្នុងការស្តាទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីផ្អាកអស់រយ:ពេល ១៣ឆ្នាំកន្លងមកនេះ។
រំលឹកផងដែរថា ចិន ធ្លាប់ជាប្រទេសដែលបានផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសនៅតំបន់អាហ្រ្វិកខាងជើងដែលសម្បូរទៅដោយធនធានប្រេងមួយនេះ ពោលគឺនៅមុនបដិវត្តន៍ឆ្នាំ២០១១ ដែលបានផ្តួលរំលំមេដឹកនាំលោក Muammar Gaddafi និងនាំឲ្យកើតមានសង្រ្គាមស៊ីវិលបង្ហូរឈាម នៅក្នុងប្រទេសលីប៊ី។
នៅពេលនោះ ក្រុមហ៊ុនចិនចំនួន ៧៥ បានគ្រប់គ្រងគម្រោងធំៗច្រើនជាង ៥០ ក្នុងប្រទេសលីប៊ី ជាមួយនឹងតម្លៃកិច្ចសន្យាជាង ២០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការប៉ាន់ស្មានដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន។
ក្រោយកើតមានសង្គ្រាមស៊ីវិលក្នុងប្រទេស វិស័យប្រេង សំណង់ ផ្លូវដែក និងទូរគមនាគមន៍ដែលជាការវិនិយោគចម្បងរបស់ចិន ត្រូវទទួលរងការខាតបង់ធ្ងន់ធ្ងរ ស្របពេលកម្មកររាប់សិបនាក់បានរងរបួស។ ស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅ ធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ត្រូវធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញ និងសម្រេចចិត្តផ្អាកការវិនិយោគថ្មីៗ រហូតឈានដល់បិទការធ្វើពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់អាហ្រ្វិកមួយនេះ រហូតមកដល់សព្វថ្ងៃ។
ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្ន គេសង្កេតឃើញថាកំពុងមានសញ្ញាវិជ្ជមានឡើងវិញ បន្ទាប់ពីមន្ត្រីចិន និងក្រុមប្រឹក្សាជាតិអន្តរកាលរបស់ប្រទេសលីប៊ី បាននឹងកំពុងចរចាអំពីការស្តាទំនាក់ទំនងសេដ្ឋកិច្ចឡើងវិញ អំឡុងពេលនាយករដ្ឋមន្ត្រី លោក Abdul Hamid Dbeibah បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីចុងខែឧសភា កន្លងទៅ។
ជាមួយគ្នានេះ លោក Dbeibah ក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang និងរដ្ឋមន្ត្រីការបរទេស លោក Wang Yi នៅឯខាងក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១០ នៃវេទិកាសហប្រតិបត្តិការរដ្ឋចិន-អារ៉ាប់ ផងដែរ ដែលជាកន្លែងថ្នាក់ដឹកនាំប្រទេសទាំងពីរ ពិភាក្សាគ្នាអំពីការស្តារកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច។
លោក Li បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសលីប៊ី ដើម្បីទាញយកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធំៗដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ការអភិវឌ្ឍរបស់ប្រទេសលីប៊ី៕