ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Nissan បានប្រកាសបញ្ឈប់ការផលិតក្នុងរោងចក្ររបស់ខ្លួន នៅទីក្រុង Changzhou ប្រទេសចិន ដោយសារតែមិនអាចបន្តប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តនៅក្នុងស្រុកបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nikkei ។
រោងចក្រដែលប្រកាសបិទនេះ គឺដំណើរការរួមគ្នា ជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក Nissan Dongfeng Motor ក្នុងការផលិតរថយន្តម៉ូដែល Qashqai ជាមួយនឹងសមត្ថភាពប្រចាំឆ្នាំប្រហែល ១៣០ ០០០ គ្រឿងក្នុងមួយឆ្នាំ ឬស្មើទៅនឹងជាង ៨% នៃសមត្ថភាពផលិតសរុបរបស់ក្រុមហ៊ុន Nissan ក្នុងប្រទេសចិន។
គួរឲ្យដឹងថា Nissan មានរោងចក្រចំនួនប្រាំបីនៅក្នុងប្រទេសចិន តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Dongfeng ប៉ុន្តែពួកគេបានបាត់បង់ទីផ្សារក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរលើពិភពលោក ដោយសារតែម៉ាកយីហោក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការអភិវឌ្ឍរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ។
ក្រុមហ៊ុន Nissan ត្រូវបានគេរាយការណ៍ថា គ្រោងនឹងកាត់បន្ថយទិន្នផលប្រចាំឆ្នាំរបស់ពួកគេចំនួន ៣០% បន្ទាប់ពីបានរាយការណ៍អំពីការធ្លាក់ចុះនៃការលក់ដល់ទៅ ១៦,១% កាលពីឆ្នាំមុន ដោយសារតែចំនួនអ្នកប្រើប្រាស់បានងាកទៅរករថយន្តអគ្គិសនីតម្លៃទាបពីក្រុមហ៊ុនគូប្រជែងចិនជំនួសវិញ៕