ចិន ទាមទារឲ្យសហភាពអឺរ៉ុប លុបចោលការយកពន្ធលើរថយន្តអគ្គិសនីរបស់ខ្លួន

អន្តរជាតិ

រដ្ឋាភិបាលចិន កាលពីពេលថ្មីៗនេះ បានទាមទារឲ្យសហភាពអឺរ៉ុប លុបចោលនូវការយកពន្ធបឋមរបស់ខ្លួនលើរថយន្តអគ្គិសនីរបស់ចិន នៅត្រឹមថ្ងៃទី៤ ខែកក្កដាខាងមុខ បន្ទាប់ពីភាគីទាំងពីរបានធ្វើកិច្ចព្រមព្រៀងដើម្បីពិភាក្សាលើការយកពន្ធនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Global Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពន្ធបណ្តោះអាសន្នដែលសហភាពអឺរ៉ុប គ្រោងដាក់លើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិននោះ មានចំនួនរហូតដល់ទៅ ៣៨,១% ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី៤ ខែកក្កដា តទៅ បន្ទាប់ពីសហភាពអឺរ៉ុប បានចាប់ផ្តើមស៊ើបអង្កេតទៅលើការឧបត្ថម្ភធនហួសកម្រិត និងមិនយុត្តិធម៌របស់រដ្ឋាភិបាលចិន ដែលផ្តល់ជូនដល់ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិន។

គួរឲ្យដឹងផងដែរថា ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតឲ្យសហភាពអឺរ៉ុប លុបចោលពន្ធគយរបស់ខ្លួនវិញ និងបង្ហាញពីឆន្ទៈក្នុងការចរចាលើបញ្ហានេះ ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង មិនចង់ជាប់ពាក់ព័ន្ធក្នុងសង្គ្រាមពន្ធផ្សេងទៀតឡើយ បន្ទាប់ពីទំនិញមួយចំនួនរបស់ខ្លួន ត្រូវជាប់ពន្ធរបស់សហរដ្ឋអាមេរិកដែលដាក់ដោយអតីតប្រធានាធិបតី លោក ដូណាល់ត្រាំ រួចទៅហើយនោះ។

សហភាពអឺរ៉ុប និងចិន បានយល់ព្រមចាប់ផ្តើមធ្វើកិច្ចពិភាក្សាគ្នាជុំវិញបញ្ហាពន្ធគយនេះ បន្ទាប់ពីមានការជជែកគ្នាតាមរយ:ទូស័ព្ទរវាងស្នងការសហភាពអឺរ៉ុប លោក Valdis Dombrovskis និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao ក្នុងអំឡុងពេលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។

បើតាមសារព័ត៌មាន Global Times បានរាយការណ៍ឲ្យដឹងថា លទ្ធផលល្អបំផុតនៃកិច្ចពិភាក្សានេះ គឺថាសហភាពអឺរ៉ុប គួរតែលុបចោលការសម្រេចចិត្តយកពន្ធរបស់ខ្លួនទៅលើរថយន្តអគ្គិសនីរបស់ចិន នៅមុនថ្ងៃទី៤ ខែកក្កដា ខាងមុខ ខណ:ការយកពន្ធ​នេះ​នឹង​ត្រូវ​សម្រេចចុងក្រោយនៅ​ថ្ងៃ​ទី២ ខែ​វិច្ឆិកា នៅ​ពេលការ​ស៊ើប​អង្កេតរបស់​សហភាព​អឺរ៉ុប​ប្រឆាំងទៅនឹង​ការ​ឧបត្ថម្ភធនរបស់ចិន ត្រូវបញ្ចប់៕