យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA បានរាយការណ៍មកថា ប្រទេសរុស្សី និងឥណ្ឌា កំពុងត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មកកាន់ប្រទេសរុស្ស៊ី នាពេលឆាប់ៗខាងមុខនេះ។
ប្រភពដដែល បានឲ្យដឹងទៀតថា លោក Modi អាចនឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ី នាខែកក្កដាខាងមុខនេះ សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំដ៏ធំមួយ ខណ:នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកផងដែរ មកកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។
គួរឲ្យដឹងផងដែរថា ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក Modi មកកាន់ប្រទេសរុស្ស៊ី គឺត្រូវបានធ្វើឡើងនៅក្នុងខែកញ្ញា នាំ២០១៩ នៅពេលដែលលោកបានចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ា នៅក្នុងទីក្រុង Vladivostok ។
ជម្រាបជូនថា ប្រទេសឥណ្ឌា និងរុស្ស៊ី តែងតែមានកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយគ្នា ដែលបានចាប់ផ្តើមធ្វើឡើងដំបូងនៅក្នុងខែតុលា ឆ្នាំ២០០០ មក ខណ:កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកចុងក្រោយ ត្រូវបានធ្វើឡើងក្នុងខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងញូវដេលី ដោយមានប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចូលរួម៕