ហ្វីលីពីន គ្រោងកាត់បន្ថយពន្ធជាច្រើនលើការនាំចូលអង្ករ ដើម្បីទប់ស្កាត់វិបត្តិ​អតិផរណា

អន្តរជាតិ

ហ្វីលីពីន ដែលជាប្រទេសទិញអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក បានប្រកាសជាផ្លូវការនូវការកាត់បន្ថយពន្ធនាំចូលអង្ករពី ៣៥% មកនៅត្រឹម ១៥% ដោយនឹងត្រូវចូលជាធរមាននៅដើមខែសីហា ឆ្នាំនេះ និងមានសុពលភាពរហូតដល់ឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញវិធានការថ្មីនេះ ត្រូវបានគេមើលឃើញថាជាសកម្មភាពចុងក្រោយមួយរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការដោះស្រាយអតិផរណា ជាពិសេសនៅពេលដែលតម្លៃអង្ករក្នុងទីផ្សារមានការកើនឡើងយ៉ាងខ្លាំង ក្នុងឆ្នាំ២០២៤ នេះ។

គិតនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ នេះ សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនហាក់មានស្ថិរភាពតិចតួច ដោយសារតែមានការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់សំខាន់ៗមួយចំនួន ជាពិសេសអង្ករដែលបានកើនឡើងដល់ប្រហែល ២៤,៤% ។

ទន្ទឹមនឹងនេះ យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសហ្វីលីពីន បានបង្ហាញឲ្យដឹងថា ហ្វីលីពីន ជាអ្នកទិញចូលអង្ករបំផុតរបស់វៀតណាមរហូតមកដល់បច្ចុប្បន្ននេះ ដែលស្មើនឹងជាង ៨០% នៃអង្ករសរុបដែលបាននាំចូលទៅកាន់ទីផ្សារហ្វីលីពីន។

ជម្រាបជូនថា យោងតាមទិន្នន័យចុងក្រោយពីការិយាល័យឧស្សាហកម្មរុក្ខជាតិនៃនាយកដ្ឋានកសិកម្ម បានបង្ហាញឲ្យដឹងថា ការនាំចូលអង្ករសរុបរបស់ប្រទេសហ្វីលីពីន បានកើនឡើង ២០,៣% ដល់ចំនួន ១,៩៧ លានតោន ក្នុងរយ:ពេលប៉ុន្មានខែដំបូងនៃឆ្នាំនេះ៕