Tesla ប្រមូលរថយន្តភីកអាប់ Cybertruck ចូលរោងចក្រវិញ ព្រោះបញ្ហាសុវត្ថិភាព

អន្តរជាតិ

នៅថ្ងៃទី២៥ មិថុនា ក្រុមហ៊ុន Tesla របស់កំពូលមហាសេដ្ឋី Elon Musk បាននិយាយថា ខ្លួនកំពុងប្រមូលរថយន្តម៉ូឌែល Cybertruck ភាគច្រើននៅក្នុងទឹកដីសហរដ្ឋអាមេរិក មកចូលរោងចក្រវិញ ដោយសារតែមានបញ្ហានៃដងជូតកញ្ចក់រថយន្តមិនដំណើរការ និងគ្រឿងលម្អខាងក្រៅរថយន្តរលុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានឲ្យដឹងថា ខ្លួនកំពុងតែប្រមូលរថយន្តម៉ូឌែល Cybertruck ស៊េរីឆ្នាំ២០២៤ ដែលផលិតមកដល់ថ្ងៃទី៦ មិថុនា ចំនួន ១១ ៦៨៨គ្រឿង ដោយសារតែឧបករណ៍បញ្ជាម៉ូទ័រជូតកញ្ចក់រថយន្តខាងមុខមិនដំណើរការ ក៏ព្រោះថាចរន្តអគ្គិសនីបានផ្គត់ផ្គង់ហួសកម្រិត ខណៈដែលវាអាចបង្កជាហានិភ័យខ្ពស់ អំឡុងពេលបើកបរនៅក្នុងអាកាសធាតុសើម។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏នឹងប្រមូលរថយន្តម៉ូឌែល Cybertruck ដូចគ្នានេះចំនួន ១១ ៣៨៣គ្រឿងបន្ថែមទៀតផងដែរ ក៏ព្រោះតែគ្រឿងលម្អខាងក្រៅរថយន្តត្រូវបានគេបំពាក់មិនត្រឹមត្រូវ ជាហេតុនាំឲ្យរលុង និងអាចបង្កទៅជាគ្រោះថ្នាក់ចរាចរណ៍ជាយៈថាហេតុទៀតផង។

គួរបញ្ជាក់ថា រថយន្តភីកអាប់ Cybertruck ទើបតែត្រូវបានក្រុមហ៊ុន Tesla ចេញលក់ជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ទាក់ទិនទៅនឹងបញ្ហាវិស្វកម្មមេកានិករថយន្ត ខណៈក្រោយពីចេញលក់រួចមក ក្រុមហ៊ុនបានប្រមូលរថយន្តមកជួសជុលវិញជាបន្តបន្ទាប់ ដោយលើកចុងគឺមានបញ្ហាគាំងឈ្នាន់បង្កើនល្បឿន៕