ទីក្រុងឌូបៃនឹងចំណាយប្រាក់ខ្ទង់ ៨,២ពាន់លានដុល្លារ ដើម្បីបង្កើនប្រព័ន្ធលូបង្ហូរទឹកភ្លៀងរបស់ខ្លួន បន្ទាប់ពីទីក្រុងមួយនេះបានរងការវាយប្រហារដោយព្រុះភ្លៀងខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រទេសអារ៉ាប់រួម នៅរយៈពេល ៧៥ឆ្នាំកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ដើម្បីអាចទប់ទល់ទៅនឹងគ្រោះធម្មជាតិដូច្នេះ ទីក្រុងឌូបៃបានបង្កើតនូវគម្រោងមួយមានឈ្មោះថា Tasreef ដែលគ្រោងបញ្ចប់នៅឆ្នាំ២០៣៣ ។ នេះជាការពង្រឹងសមត្ថភាពប្រព័ន្ធលូបង្ហូរទឹកភ្លៀងរបស់ទីក្រុងបានដល់ទៅចំនួន៧០០% និងអាចរំដោះទឹកចេញបានដល់ទៅជាង ២០លានម៉ែត្រគូបក្នុងមួយថ្ងៃ ហើយម្យ៉ាងវិញទៀតវាក៏នឹងក្លាយជាគម្រោងរំដោះទឹកភ្លៀងដ៏ធំបំផុតមួយនៅក្នុងតំបន់ផងដែរ។
សូមជម្រាបដែរថា ទីក្រុងឌូបៃដែលត្រូវបានចាត់ទុកថា ជាមជ្ឈមណ្ឌលទេសចរណ៍ និងធុរកិច្ចរបស់ប្រទេសអារ៉ាប់រួម កាលពីខែមេសាកន្លងទៅ ត្រូវបានរំខានដោយសារភ្លៀងធ្លាក់យ៉ាងសម្បើម ខណៈដែលវាបានបង្កឲ្យមានការបំផ្លិចបំផ្លាញផ្លូវថ្នល់ ហាង ព្រមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ លើសពីនោះវាក៏បានបង្ខំឲ្យអាកាសយានដ្ឋានឌូបៃ ផ្អាកជើងហោះហើរមួយរយៈពេលទៀតផង៕