កាលពីថ្ងៃទី២៥ ខែមិថុនា មហាសេដ្ឋីមានបំផុតនៅអឺរ៉ុប Bernard Arnault បានទិញភាគហ៊ុនមួយចំណែកធំ នៅក្នុងក្រុមហ៊ុន Richemont ដែលជាដៃគូប្រជែងមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការទិញភាគហ៊ុនក្នុងក្រុមហ៊ុនគូប្រជែងនេះ មហាសេដ្ឋីបារាំងមិនបានបង្ហើបប្រាប់ពីគោលបំណងជាក់លាក់ឡើយ ក៏ប៉ុន្តែក្រុមហ៊ុន LVMH របស់លោកបានអះអាងថា វាគ្រាន់តែជាការបណ្ដាក់ទុនតូចមួយរបស់គ្រួសារត្រកូល Arnault នៅក្នុងក្រុមហ៊ុនចុះបញ្ជីសាធារណៈប៉ុណ្ណោះ។
យ៉ាងណា ក៏មានមតិមួយចំនួនលើកឡើងថា ការទិញភាគហ៊ុនក្នុងក្រុមហ៊ុនគូប្រជែងនេះ មហាសេដ្ឋីបារាំង មានបំណងចង់បានក្រុមហ៊ុន Richemont មកគ្រប់គ្រង ក៏ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ ដ្បិតក្រុមហ៊ុននេះក៏មានចំណែកគ្រប់គ្រងរបស់មហាសេដ្ឋីម្នាក់ទៀតគឺ លោក Johan Rupert ផងដែរ។
សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មហាសេដ្ឋី Bernard Arnault មានកំណើនទ្រព្យសម្បត្តិដ៏ច្រើន បន្ទាប់ពីឧស្សាហកម្មសម្ភារៈនិយមមានសន្ទុះឡើងវិញ ស្របពេលលោកមានទិញភាគហ៊ុនក្នុងក្រុមហ៊ុនគូប្រជែងជាច្រើន រួមទាំងក្រុមហ៊ុន Hermes ជាដើម៕