កាលពីថ្ងៃទី២៥ ខែមិថុនា ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះមហេសី Masako បានចាប់ផ្ដើមយាងបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសជាផ្លូវការ ខណៈដំណើរទស្សនកិច្ចមួយនេះ នឹងមានរយៈពេល ៣ថ្ងៃ។

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ការយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង របស់ព្រះចៅអធិរាជជប៉ុន ទៅអង់គ្លេសតាំងពីឆ្នាំ១៩៩៨ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីស្ដេចអង់គ្លេស King Charles III មុនពេលយាងទៅវិមាន Buckingham Palace ដោយរទេះសេះ ដើម្បីសោយភោជនីយាហារថ្ងៃត្រង់។
សូមជម្រាបដែរថា ព្រះចៅអធិរាជជប៉ុន និងព្រះមហេសីបានយាងមកដល់ចក្រភពអង់គ្លេស តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន និងបានជួបជាមួយស្ដេចអង់គ្លេស King Charles III និងម្ចាស់ក្សត្រី Queen Camila នៅកណ្ដាលទីក្រុងឡុងដ៍ម្ដងហើយ ក៏ប៉ុន្តែជំនួបមួយនោះគឺជាការណាត់ជួបក្រៅផ្លូវការ ខណៈដំណើរទស្សនកិច្ចផ្លូវរដ្ឋគឺចាប់ផ្ដើមពីថ្ងៃទី២៥ ខែមិថុនាម្សិលមិញនេះ៕