Heineken ប្រកាសបិទរោងចក្រស្រាបៀរមួយកន្លែង នៅប្រទេសវៀតណាម

អន្តរជាតិ

ក្រុមហ៊ុន Heineken បានប្រកាសបិទរោងចក្រស្រាបៀរមួយកន្លែងនៅប្រទេសវៀតណាម ដែលមានទីតាំងនៅក្នុងខេត្ត Quang Nam បន្ទាប់ពីការលក់មានការថយចុះជាខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែមពីនោះ ក្រុមហ៊ុនហូឡង់មួយនេះ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយថា៖ ពួកយើងនឹងបញ្ឈប់រាល់សកម្មភាពទាំងអស់ នៅក្នុងរោងចក្រមួយនេះ ហើយក៏កំពុងស្វែងរកក្រុមហ៊ុនផ្សេងៗ ដែលចង់ទិញយកវា។ ពួកយើងគ្មានបំណងបន្តប្រតិបត្តិការ នៅក្នុងរោងចក្រនៃខេត្ត Quang Nam នេះនាពេលអនាគតឡើយ។

ជុំវិញការបិទរោងចក្រនេះផងដែរ ក្រុមហ៊ុន Heineken ក៏បានជួយសម្រួលដល់បុគ្គលិកក្នុងរោងចក្រ ដោយមួយចំនួនធំ នឹងផ្ទេរទៅធ្វើការនៅរោងចក្រផ្សេងទៀតក្នុងប្រទេសវៀតណាម ខណៈមួយចំនួនទៀត នឹងត្រូវបានក្រុមហ៊ុនផ្ដល់សំណងជាលុយសុទ្ធ ដែលមានទំហំច្រើនជាងកិច្ចកុងត្រារបស់ពួកគេ។

សូមជម្រាបដែរថា បច្ចុប្បន្ន ក្រុមហ៊ុន Heineken គឺមានរោងចក្រផលិតស្រាបៀរចំនួន ៥កន្លែងនៅប្រទេសវៀតណាម បន្ទាប់ពីប្រកាសបិទរោងចក្រក្នុងខេត្ត Quang Nam ខណៈក្រុមហ៊ុននេះគឺបានបណ្ដាក់ទុននៅវៀតណាមជាង ១ពាន់លានដុល្លារ និងបង្កើតឱកាសការងាររហូតដល់ ២៥០ ០០០កន្លែង ដល់ប្រជាជនវៀតណាមផងដែរ៕