ឡាវ គ្រោងដាក់ចេញផែនការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ មកពីប្រទេសចិន

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសឡាវ គ្រោងនឹងដាក់ចេញនូវគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកដែលនឹងត្រូវអនុវត្ត នៅក្នុងអំឡុងឆមាសទីពីរនៃឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាលឡាវ ក៏គ្រោងនឹងផ្តល់ជូនទិដ្ឋាការពិសេសមួយដែលអាចចូលមកកាន់ប្រទេសរបស់ខ្លួនបានច្រើនដង និងពន្យារពេលស្នាក់នៅ សម្រាប់ភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ពី ៣០ថ្ងៃ ទៅដល់ ៦០ថ្ងៃ។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នប្រទេសចិន ស្ថិតនៅក្នុងចំណោមប្រភពទេសចរណ៍បរទេសធំជាងគេចំនួនបី របស់ឡាវ ចាប់តាំងពីបញ្ចប់ការរឹតបន្តឹងលើជំងឺរាតត្បាតនៃជំងឺកូវីដ-១៩ មក។

ទន្ទឹមនឹងនោះ ផ្លូវដែកឡាវ-ចិន ក៏បានជួយភ្ញៀវទេសចរចិន ធ្វើដំណើរមកកាន់ប្រទេសឡាវបានយ៉ាងងាយស្រួលផងដែរ ជាមួយនឹងការចំណាយទាបជាងការធ្វើដំណើរតាមផ្លូវគោក និងផ្លូវអាកាស។

ជម្រាបជូនផងដែរថា ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៤ នេះ ឡាវបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១,៥ លាននាក់ ដែលក្នុងនោះជនជាតិចិនមានចំនួន ៣៥១ ០០០ នាក់ ឬស្មើនឹងប្រហែល ២០% នៃចំនួនភ្ញៀវទេសចរសរុប៕