នៅរយៈពេលត្រីមាសដំបូងនៃឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) VinFast របស់វៀតណាម បានក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់ច្រើនជាងគេលំដាប់លេខពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺតាមពីក្រោយតែក្រុមហ៊ុនផលិតរថយន្តចិន BYD មួយប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានឲ្យដឹងថា ការលក់រថយន្ត EV នៅក្នុងតំបន់បានកើនឡើងច្រើនជាងទ្វេដងនៅក្នុងត្រីមាសដំបូងដែលរាប់ចាប់តាំងពីខែមករា ដល់ខែមីនា បើធៀបទៅនឹងឆ្នាំមុន ខណៈឯការលក់រថយន្តចំហេះក្នុង បែរជាត្រូវថយចុះ៧% ទៅវិញ។
ទន្ទឹមនឹងនោះ Toyota Motor និង Honda Motor ដែលជាក្រុមហ៊ុនរបស់ជប៉ុន នៅត្រីមាសដំបូងឆ្នាំ២០២៤ មានទំំហំនៃការលក់រថយន្ត EV ចំនួន៥៥% នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កើនឡើង៤៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាមួយគ្នា ក្រុមហ៊ុនអាមេរិក Tesla បានឃើញពីចំណែកទីផ្សាររបស់ខ្លួននៅក្នុងតំបន់បានធ្លាក់ចុះ២% មកនៅសល់ត្រឹមតែ៤% នៅក្នុងត្រីមាសទីមួយ បើទោះបីជាការលក់របស់ខ្លួនកើនឡើង៣៧% ក្នុងរយៈពេលដូចគ្នាក៏ដោយ។
សូមជម្រាបថា ទីផ្សាររថយន្តអគ្គិសនីអាចនឹងមានការកើនឡើងបន្ថែមទៀត ព្រោះថាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងប្រទេសថៃ និងឥណ្ឌូនេស៊ី បានដាក់ចេញនូវការលើកទឹកចិត្តផ្សេងៗដើម្បីជំរុញតម្រូវការរថយន្ត EV ព្រមទាំងបានទាក់ទាញការវិនិយោគថ្មីៗពីបណ្តាក្រុមហ៊ុនផ្សេងទៀតផងដែរ៕