យោងតាមឯកសារផ្លូវការមួយបានបង្ហាញឲ្យដឹងថា ករណីស្នើសុំឲ្យមានការរំលាយទៅលើក្រុមហ៊ុន Shimao Group ត្រូវបានពន្យារពេលដល់ថ្ងៃទី៣១ ខែកក្កដា ខណៈក្រុមអភិវឌ្ឍអចលនទ្រព្យរបស់ចិនមួយនេះ កំពុងព្យាយាមពន្យារពេលម្តងទៀតសម្រាប់ម្ចាស់បំណុលទាក់ទងនឹងផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជុំវិញការពន្យារពេលចំពោះការកាត់ក្តីនេះ ត្រូវបានធ្វើឡើងដោយតុលាការហុងកុង បន្ទាប់ពីទទួលបានពាក្យស្នើសុំពីភាគីទាំងសងខាង គឺក្រុមហ៊ុន Shimao និងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីរបស់រដ្ឋ China Construction Bank (Asia) ដែលជាអ្នកដាក់ញត្តិស្នើសុំឲ្យមានការរំលាយនេះ។
តុលារការហុងកុង ក៏បានបន្ថែមឲ្យដឹងទៀតថា ក្រុមហ៊ុន Shimao និងទីប្រឹក្សារបស់ខ្លួន កំពុងជំរុញយ៉ាងសកម្មក្នុងការពិភាក្សាជាមួយម្ចាស់បំណុល ទាក់ទងនឹងសំណើររៀបចំរចនាសម្ព័ន្ធបំណុលនៅក្រៅប្រទេសរបស់ខ្លួនឡើងវិញ។ ក្រុមហ៊ុន ក៏បានសុំពន្យារពេលបន្ថែមទៀតនូវថ្ងៃផុតកំណត់សម្រាប់ការសងប្រាក់ដើម ឬថ្លៃសេវាដែលត្រូវបង់ទៅឲ្យម្ចាស់បំណុល ដើម្បីជាការលើកទឹកចិត្ត ក្នុងការគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ រហូតដល់ថ្ងៃទី៣១ ខែកក្កដាជំនួសវិញ។
ទន្ទឹមនឹងនេះ សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Shimao បានធ្វើឲ្យមានលក្ខខណ្ឌដ៏ល្អប្រសើរជាច្រើននៅក្នុងផែនការរៀបចំរចនាសម្ព័ន្ធបំណុលក្រៅប្រទេសចំនួន ១១,៥ពាន់លានដុល្លាររបស់ខ្លួន ដើម្បីទទួលបានការគាំទ្រពីម្ចាស់បំណុល ខណៈពេលដែលខ្លួនកំពុងព្យាយាមទប់ទល់នឹងញត្តិស្នើសុំឲ្យមានការរំលាយក្រុមហ៊ុនចោល។
ជម្រាបជូនថា ក្រុមហ៊ុន Shimao ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានស្ថិតក្នុងចំណោមក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យចិនផ្សេងទៀត ដែលបានខកខានក្នុងការទូទាត់បំណុលក្រៅប្រទេស ក្រោយវិស័យអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរបំផុតមួយ ចាប់តាំងពីឆ្នាំ២០២១ មក៕