កាលពីពេលថ្មីៗនេះ សេវាកម្មចំណូលផ្ទៃក្នុងអាមេរិក ហៅកាត់ IRS បានធ្វើការសុំទោសជាសាធារណៈ ទៅកាន់មហាសេដ្ឋីអាមេរិក Ken Griffin បន្ទាប់ពីបានបញ្ចេញទិន្នន័យបង់ពន្ធផ្ទាល់ខ្លួនរបស់លោក។
យោងតាមការចុះផ្សាយពីសារព័ត៌មាន The Fortune បានបង្ហាញថា នេះគឺជារឿងកម្រមួយ ដែល IRS ចេញមុខមកសុំទោសបុគ្គលម្នាក់ជាសាធារណៈ បន្ទាប់ពីមហាសេដ្ឋីម្នាក់នេះ បានដាក់ពាក្យប្ដឹងក្រសួងរតនាគារអាមេរិក ជុំវិញការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់លោកកាលពីចុងខែធ្នូ។
“សេវាកម្មប្រាក់ចំណូលផ្ទៃក្នុង សុំធ្វើការសុំទោសចំពោះលោក Kenneth Griffin និងប្រជាជនអាមេរិករាប់ពាន់នាក់ទៀត ដែលត្រូវបានបញ្ចេញទិន្នន័យផ្ទាល់ខ្លួន ទៅកាន់សាធារណៈ”។ នេះបើតាមអត្ថន័យនៃលិខិតសុំទោសពី IRS។
សូមជម្រាបដែរថា ការសុំទោសរបស់ IRS កើតឡើង ក្រោយអតីតបុគ្គលិកម្នាក់មានឈ្មោះថា Charles Littlejohn ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ៥ឆ្នាំ ពីបទបញ្ចេញក្រដាសពន្ធខុសច្បាប់ និងទម្លាយព័ត៌មានផ្ទាល់ខ្លួនលោក Griffin ទៅកាន់អង្គការក្រៅរដ្ឋាភិបាល ProPublica៕