មេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង បានសារភាពថា ប្រទេសចិនកំពុងមានបញ្ហាខ្វះខាតធនធានមនុស្ស ជាពិសេសលើការច្នៃប្រឌិត ដើម្បីប្រកួតប្រជែងលើទីផ្សារបច្ចេកវិទ្យា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BusinessInsider។
ប្រធានាធិបតីចិនរូបនេះ ក៏បានអំពាវនាវឲ្យយុវជន ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងស្រុក ខិតខំបង្កើនធនធានមនុស្សបន្ថែមទៀត ដើម្បីអាចឲ្យចិនប្រកួតប្រជែងលើទីផ្សារបច្ចេកវិទ្យាអន្តរជាតិ និងវិវឌ្ឍន៍ខ្លួនកាន់តែខ្លាំងលើវិស័យមួយនេះ។
លោក ស៊ី បាននិយាយថា៖ បើទោះជាការអភិវឌ្ឍលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងប្រទេស កំពុងមានសញ្ញាណល្អខ្លាំងកម្រិតណា ក៏ប៉ុន្តែសមត្ថភាពនៃការច្នៃប្រឌិត គឺនៅតែមានភាពទន់ខ្សោយដដែល។
បន្ថែមពីនោះ មេដឹកនាំមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទី២ រូបនេះ ក៏បានអះអាងទៀតថា ប្រទេសចិនកំពុងព្យាយាមបង្កើនធនធានមនុស្សគ្រប់វិស័យ ជាពិសេសលើផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រក្នុងលំហអាកាសផងដែរ៕