ក្រុមហ៊ុនរថយន្តចិន រំពឹងដណ្ដើមចំណែកទីផ្សារសកលលោករហូតដល់ ១/៣ ត្រឹមឆ្នាំ២០៣០

អន្តរជាតិ

ក្រុមហ៊ុនរថយន្តចិន កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ទាំងនៅក្នុងស្រុក និងក្រៅស្រុក ជាពិសេសគឺរថយន្តអគ្គិសនី ខណៈក្រុមហ៊ុនចិនទាំងនោះ ដាក់ក្ដីរំពឹងទុកខ្ពស់ថា នឹងដណ្ដើមបានចំណែកទីផ្សារសកលលោករហុតដល់ ១/៣ ឬ ៣៣% ត្រឹមឆ្នាំ២០៣០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNBC បានបង្ហាញថា ចំណែកទីផ្សាររថយន្ត លើទីផ្សារអន្តរជាតិក្នុងឆ្នាំនេះ គឺមានកំណើនរហូតដល់ ២១% ខណៈអត្រាលក់រថយន្តលើទីផ្សារអន្តរជាតិវិញ ទំនងសម្រេចបានដល់ ៣លានគ្រឿងក្នុងឆ្នាំនេះ។

បន្ថែមពីនោះ ក៏មានការព្យាករណ៍ទៀតថា រថយន្តចិនអាចនឹងមានកំណើនលក់ ពី ៣លានគ្រឿងក្នុងឆ្នាំនេះ រហូតដល់ ៩លានគ្រឿងត្រឹមឆ្នាំ២០៣០ ដោយសារតែតម្លៃធូរថ្លៃ ហើយបច្ចេកវិទ្យាក៏ខ្ពស់ ធ្វើឲ្យកំណើនអតិថិជនកាន់តែមានច្រើន។

យ៉ាងណា រថយន្តអាចនឹងមានភាពលំបាក ក្នុងការដណ្ដើមទីផ្សារនៅប្រទេសជប៉ុន និងទ្វីបអាមេរិកខាងជើង ដែលរួមមានសហរដ្ឋអាមេរិកផង ដោយសារតែប្រទេសទាំងនោះ បានដាក់គំនាបលើរថយន្តចិនជាខ្លាំង ដូចជាការដំឡើងពន្ធរថយន្តជាដើម៕