លោក ដូណាល់ ត្រាំ បានធ្វើការចោទប្រកាន់ទៅលើ លោក ចូ បៃដិន ថាបានធ្វើការងារមិនល្អទាល់តែសោះ លើផ្នែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលនាំឲ្យមានការកើនឡើងនូវអតិផរណាខ្ពស់ ដែលឆ្លុះបញ្ចាំងថាការកើនឡើងថ្លៃទំនិញ និងថ្លៃនៃការរស់នៅ បានក្លាយជាបញ្ហាសំខាន់មួយ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នាខែវិច្ឆិកាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក ត្រាំ បានលើកឡើងដូច្នេះ ក្នុងអំឡុងវេទិកាជជែកដេញដោលទល់មុខគ្នា ជាមួយលោក បៃដិន ដែលរៀបចំធ្វើឡើងដោយទូរទស្សន៍ CNN នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងទីក្រុង Atlanta រដ្ឋ Georgia ។
ក្នុងអំឡុងវេទិកានោះ លោក ត្រាំ បាននិយាយថា ៖”លោក បៃដិន មិនបានធ្វើការងារមិនល្អទេ។ គាត់ធ្វើការងារអន់ខ្លាំងណាស់។ អតិផរណាកំពុងសម្លាប់ប្រទេសរបស់យើងហើយ។ វាច្បាស់ខ្លាំងណាស់អតិផរណាកំពុងសម្លាប់ពួកយើងគ្រប់គ្នា”។
អតីតប្រធានាធិបតីរូបនេះ បានបន្ថែមទៀតថា ៖ “អំឡុងក្រោមការដឹកនាំរបស់ខ្ញុំ ខ្ញុំបានផ្តល់ឲ្យគាត់នូវប្រទេសមួយដែលគ្មានអតិផរណា។ សេដ្ឋកិច្ចរបស់ប្រទេសល្អខ្លាំងណាស់។ រឿងដែលសំខាន់បំផុតដែលគាត់ត្រូវធ្វើ គឺមិនត្រូវប៉ះពាល់វាទេ។ ប៉ុន្តែឥឡូវនេះ គាត់បានបំផ្លាញវាហើយ”។
ជាការឆ្លើយតបទៅនឹងការវាយប្រហារនេះ លោក បៃដិន បាននិយាយថា លោក ត្រាំ បានបំផ្លាញសេដ្ឋកិច្ចរបស់អាមេរិកទាំងស្រុង។ ប៉ុន្តែនៅពេលលោកធ្វើជាប្រធានាធិបតី សេដ្ឋកិច្ចរបស់អាមេរិកមានភាពល្អប្រសើរឡើងវិញ ដោយរដ្ឋបាលរបស់លោក ក៏បានជួយបង្កើតការងារថ្មីៗដល់ប្រជាជនរាប់លាន រួមទាំងនៅក្នុងសហគមន៍ជនជាតិភាគតិចផងដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់អាមេរិក នឹងត្រូវប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដោយក្នុងនោះលោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ ត្រូវបានចាត់ទុកថាជាបេក្ខភាពសំខាន់បំផុត ដើម្បីតតាំងគ្នានៅក្នុងតំណែងនេះ៕