នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ដែលកន្លងមកតែងតែបានលើកឡើងពីការព្រួយបារម្ភរបស់លោក ចំពោះការថយចុះយ៉ាងខ្លាំងនៃចំនួនប្រជាជននោះ ឥឡូវនេះ ត្រូវបានគេទម្លាយឲ្យដឹងថាលោក កំពុងមានកូនទី១២ ។
ដំណឹងបែកធ្លាយនៃការមានកូនទី១២ របស់ Elon Musk ត្រូវបានទម្លាយដោយសារព័ត៌មាន Bloomberg កាលពីពេលកន្លងទៅ ដោយកូនពៅរបស់លោក គឺជាចំណងដៃជាមួយអ្នកស្រី Shivon Zilis ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Neuralink Corp។
លោកស្រី Zilis ត្រូវបានគេចាត់ទុកថាជាបុគ្គលដ៏ល្បីល្បាញបំផុតមួយនៅទូទាំងពិភពលោក ដែលធ្វើការក្នុងវិស័យ AI និងក្រោយមកត្រូវបានគេដឹងថាលោកស្រី មានកូនភ្លោះអាយុពីរឆ្នាំ ឈ្មោះ Strider និង Azure ជាមួយលោក Musk ក្នុងអំឡុងខែខែវិច្ឆិកា ឆ្នាំ២០២១។ យ៉ាងណាក៏ដោយ សម្រាប់កូនទីបីរបស់លោក Musk និងលោកស្រី Zilis នៅមិនទាន់ត្រូវបានគេទម្លាយអំពីភេទ និងឈ្មោះ នៅឡើយនោះទេ។
លោកស្រី Zilis បានចូលបម្រើការដំបូងក្នុងក្រុមហ៊ុន OpenAI ក្នុងនាមជាទីប្រឹក្សា នៅឆ្នាំ២០១៦ ហើយក្រោយមកបានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល។ ក្រោយមកនាងក៏បានប្តូរទៅធ្វើការនៅក្នុងក្រុមហ៊ុន Tesla អស់រយៈពេលពីរឆ្នាំ ដោយកាន់ទៅលើគម្រោង AI។ តាមរយៈគម្រោងនេះហើយ ដែលបាននាំនាងឲ្យជួបជាមួយលោក Musk ។ នេះបើយោងតាមកាសែត The Washington Post។
ទំនាក់ទំនងរវាងអ្នកទាំងពីរកាន់តែស្និតស្នាលឡើង ដោយអ្នកនាង Zilis មិនដែលលាក់បាំងនោះឡើយក្នុងការបង្ហាញការគាំទ្ររបស់នាងចំពោះ លោក Musk ជានិច្ចនៅលើបណ្តាញសង្គម X។
គួរឲ្យដឹងផងដែរថា លោក Musk បច្ចុប្បន្នវ័យ ៥៣ឆ្នាំ ធ្លាប់បានរៀបការ និងលែងលះចំនួន ៣លើករួចមកហើយ ដោយក្នុងនោះ មហាសេដ្ឋីរូបនេះ មានកូន ៥នាក់ ជាមួយប្រពន្ធដំបូងរបស់លោក គឺលោកស្រី Justine Wilson និងបីនាក់ផ្សេងទៀត ជាមួយអតីតមិត្តស្រី Grimes ។
ជម្រាបថា បច្ចុប្បន្នលោក Musk ជាប់ឈ្មោះជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក របស់ទស្សនាវដ្តី Forbes ជាមួយទ្រព្យសម្បត្តិសរុបត្រូវបានគេរាយការណ៍មកថាមានចំនួនប្រមាណ ២២១,២ពាន់លានដុល្លារ៕