អ្នកនាង Jennifer Gates កូនស្រីរបស់មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ និងជាសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ថ្មីៗនេះបានចែករំលែកនូវរូបភាពមួយសន្លឹកលើបណ្តាញសង្គម ថានាងកំពុងពរពោះកូនទីពីរ។ នេះបើយោងតាមការចុះផ្សាយពីទស្សនាវដ្តី Daily Mail ។
អ្នកនាង Jennifer Gates ដែលបច្ចុប្បន្នមានវ័យ ២៨ឆ្នាំនោះ បានចែករំលែករូបភាពមួយសន្លឹកលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនកាលពីថ្ងៃទី២៧ ខែមិថុនា ដោយអ្នកនាងបានស្លៀករ៉ូបពណ៌ខៀវ ដៃម្ខាងកាន់ដៃកូនស្រីច្បងឈ្មោះ Leila ឯដៃម្ខាងទៀតទ្រផ្ទៃពោះដែលកំពុងមានគត៌ ជាមួយនឹងការសរសេរភ្ជាប់ថា៖ “កូន Leila ត្រូវបានឡើងឋានៈជាបងស្រីច្បង”។
កូនទាំងពីរនេះគឺជាចំណងដៃរវាងអ្នកនាង Jennifer Gates និងលោក Nayel Nassar ដែលបានរៀបការនៅខែតុលា ឆ្នាំ២០២១ ហើយក្រោយមកពួកគេក៏មានកូនស្រីដំបូងឈ្មោះ Leila នៅខែមីនា ឆ្នាំ២០២៣ ។
គួរឲ្យដឹងដែរថា អ្នកនាង Jennifer គឺជាម្នាក់ក្នុងចំណោមកូនបីនាក់ទៀតរបស់លោក Bill Gates និងអតីភរិយាលោកស្រី Melinda French Gates ។ សារព័ត៌មានមួយចំនួនទម្លាយថា Jennifer មានទ្រព្យសម្បត្តិខ្ទង់ ២០លានដុល្លារ ហើយជាអ្នកដែលចូលចិត្តជិះសេះ ព្រមទាំងដំណើរកម្សាន្តផងដែរ លើសពីនោះនាងបានបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ Icahn School ក្នុងទីក្រុង New York កាលពីពេលថ្មីៗទៀតផង៕