ការនាំចេញទំនិញកូរ៉េខាងត្បូងទៅកាន់ទីផ្សារក្រៅប្រទេស បន្តកើនឡើងរយៈពេល ៩ខែជាប់ៗគ្នា

អន្តរជាតិ

ការនាំចេញទំនិញរបស់កូរ៉េខាងត្បូងបានបន្តកើនឡើងនៅក្នុងខែមិថុនា ខណៈដែលវាជាការកើនឡើងរយៈពេលប្រាំបួនខែជាប់ៗគ្នាមកហើយ។ ការកើនឡើងនៃការនាំចេញនៅក្នុងសេដ្ឋកិច្ចធំបំផុតទីបួនរបស់អាស៊ីមួយនេះ ក៏ដោយសារតែមានតម្រូវការយ៉ាងក្លាំងក្លាពីទីផ្សារពិភពលោកចំពោះផលិតផលបន្ទះឈីប និងរថយន្តជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន Reuters បានដកស្រង់ទិន្នន័យបឋមរបស់សេវាគយកូរ៉េ ដែលបានបង្ហាញឲ្យដឹងថា នៅខែមិថុនា ការលក់នៅក្រៅប្រទេសបានកើនឡើងដល់ទៅចំនួន ៥៧,០៧ពាន់លានដុល្លារ ឬស្មើរនឹង៥,១% បើធៀបទៅនឹងឆ្នាំមុន រីឯការនាំចូលនៅខែមិថុនាដូចគ្នាវិញ បានថយចុះដល់ទៅ៧,៥% មកនៅត្រឹម ៤៩,០៧ពាន់លានដុល្លារប៉ុណ្ណោះ។

បន្ទះឈីបដែលជាផលិតផលដ៏មានតម្រូវការបំផុតរបស់ពិភពលោកនាពេលសព្វថ្ងៃ កូរ៉េខាងត្បូងបានកើនឡើងនៃការនាំចេញដល់ទៅចំនួន៥២,២% ឯណោះបើធៀបទៅនឹងឆ្នាំមុន ស្របពេលដែលការនាំចេញរថយន្តក៏មានការកើនឡើងដូចគ្នាពោលមានចំនួន៣,៨% ផងដែរ។

គួរបញ្ជាក់ដែរថា នៅអំឡុងខែមិថុនា ចំណោមគោលដៅនាំចេញទំនិញសំខាន់ៗចំនួនប្រាំបួនរបស់កូរ៉េខាងត្បូង ក្នុងនោះមានប្រាំមួយទៅហើយដែលការនាំចេញមានការកើនឡើង តួយ៉ាងទំនិញទៅកាន់សហរដ្ឋអាមេរិកកើនឡើង១៦,៨% ខណៈឯទំនិញនាំចេញទៅចិនកើនឡើង៥,៤% ពីមួយឆ្នាំទៅមួយឆ្នាំ៕