កំពូលមហាសេដ្ឋីលំដាប់ពិភពលោក Warren Buffett បានបរិច្ចាគភាគហ៊ុនដែលមានតម្លៃរហូតដល់ ៥,៣ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនវិនិយោគ Berkshire Hathaway ជូនដល់មូលនិធិ Bill & Melinda Gates និងអង្គការសប្បុរសធម៌គ្រួសារចំនួនបួនផ្សេងទៀត ដែលនេះគឺជាការបរិច្ចាគប្រចាំឆ្នាំដ៏ធំបំផុត ចាប់តាំងពីលោកបានចាប់ផ្តើមបង្កើតវានៅក្នុងឆ្នាំ២០០៦ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
ជុំវិញការបរិច្ចាគរបស់លោក Buffett សារនេះ បានធ្វើឲ្យចំនួននៃការបរិច្ចាគសរុបរបស់លោក ជូនដល់អង្គការសប្បុរសធម៌កើនឡើងដល់ទៅប្រហែល ៥៧ពាន់លានដុល្លារ។
គួរឲ្យដឹងផងដែរថា ការបរិច្ចាគលើកចុងក្រោយបំផុតដែលលោក Buffett បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុន រួមមានភាគហ៊ុនប្រភេទ Class B នៅក្នុងក្រុមហ៊ុន Berkshire ប្រហែល ១៣ លានហ៊ុន ផងដែរ។
Berkshire គឺជាក្រុមហ៊ុនសាជីវកម្មដ៏ធំបំផុតមួយមានតម្លៃប្រមាណ ៨៨០ពាន់លានដុល្លារ ដែលគ្រប់គ្រងទៅលើអាជីវកម្មផ្សេងៗរាប់សិប រួមទាំងផ្លូវដែក BNSF ក្រុមហ៊ុនធានារ៉ាប់រងរថយន្ត Geico និងកាន់កាប់ភាគហ៊ុន ក្នុងក្រុមហ៊ុនលដាប់កំពូលៗជាច្រើនទៀត ដូចជា Apple និង BYD ជាដើម។
ជម្រាបជូនផងដែរថា លោក Warren Buffett បច្ចុប្បន្នជាប់ចំណាត់ថ្នាក់លេខ១០ នៅក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោករបស់ទស្សនាវដ្តី Forbes ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១២៨,៤ពាន់លានដុល្លារ៕