ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក បានអនុម័តប្រាក់កម្ចីថ្មីបន្ថែមចំនួន ១,២៥ពាន់លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងធំៗចំនួនពីររបស់រដ្ឋាភិបាលប្រទេសហ្វីលីពីន ក្នុងការធានាសុវត្ថិភាព និងភាពធន់សម្រាប់សាលារៀន ក៏ដូចជាជួយជំរុញដល់ការស្តាសេដ្ឋកិច្ចឡើងវិញ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Manila Standard។
ធនាគារពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងផ្តល់ប្រាក់កម្ចីចំនួន ៥០០លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាលារៀន។ គម្រោងនេះនឹងគាំទ្រដល់ការកសាងសាលារៀនឡើងវិញ នៅក្នុងតំបន់ដែលរងគ្រោះដោយសារការរញ្ជួយដី និងខ្យល់ព្យុះទីហ្វុង នាពេលថ្មីៗនេះ។
លោក Ndiame Diop នាយកធនាគារពិភពលោកប្រចាំប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ បាននិយាយថា ការអប់រំ គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ហើយតាមរយៈការកែលម្អបរិយាកាសសិក្សា និងធ្វើឲ្យសាលារៀនមានសុវត្ថិភាព កុមារនឹងកាន់តែចង់មករៀន ជាមួយនឹងការអនុវត្តការសិក្សាកាន់តែល្អប្រសើរ និងបញ្ចប់ការសិក្សារបស់ពួកគេ។
ទន្ទឹមនឹងនេះ សម្រាប់ប្រាក់កម្ចីចំនួន ៧៥០លានដុល្លារផ្សេងទៀត នឹងត្រូវផ្តល់ជាកញ្ចប់ហិរញ្ញប្បទានដល់ប្រទេសហ្វីលីពីន ដើម្បីគាំទ្រដល់កំណែទម្រង់ដើម្បីបង្កើនការវិនិយោគក្នុងវិស័យសេវាកម្មសាធារណៈ ទាក់ទាញការវិនិយោគឯកជនក្នុងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេសការដឹកជញ្ជូនក្នុងស្រុក លើកកម្ពស់ថាមពលកកើតឡើងវិញ ការពារបរិស្ថាន និងកែលម្អភាពធន់ទៅនឹងអាកាសធាតុ ផងដែរ៕