អតីតមហាសេដ្ឋីឥណ្ឌា លោក Rishi Shah សហស្ថាបនិកក្រុមហ៊ុន Outcome Health ដែលជាក្រុមហ៊ុនបង្កើតថ្មី រកស៊ីលើការផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវបានតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំកន្លះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន TOI បានបង្ហាញថា ការផ្ដន្ទាទោសអតីតមហាសេដ្ឋីរូបនេះ គឺធ្វើឡើងបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនរបស់លោកបានឆបោកក្រុមវិនិយោគិន ដែលរួមមានក្រុមហ៊ុន Goldman Sachs Group និងក្រុមហ៊ុន Google ជាដើម។
ការឆបោករបស់ក្រុមហ៊ុន Outcome Health ត្រូវបានបែកធ្លាយនៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីវិនិយោគិនម្នាក់ បានប្ដឹងក្រុមហ៊ុនមួយនេះ ជុំវិញការរៃអង្គាសប្រាក់ប្រហែល ៤៨៧លានដុល្លារ ក៏ប៉ុន្តែទឹកប្រាក់ទាំងនោះ មិនត្រូវបានយកទៅបណ្ដាក់ទុនអ្វីឡើយ តែបែរជាធ្លាក់ចូលហោប៉ៅរបស់លោក Shah ទៅវិញ។
សូមជម្រាបដែរថា ចំពោះមុខតុលាការ លោក Rishi Shah បានសារភាពកំហុស និងបានសុំទោសក្រុមវិនិយោគិន ដោយបាននិយាយថា ដោយសារតែភាពលោភលន់របស់លោក បានធ្វើឲ្យមនុស្សមួយចំនួនធំ ទទួលរងការខាតបង់ ហើយលោកពិតជាមានការសោកស្ដាយខ្លាំងណាស់៕