មហាសេដ្ឋីបារាំង Xavier Niel បានដាក់សំណើសុំទិញភាគហ៊ុនទាំងអស់ នៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ Millicom International Cellular SA ដែលមានមូលដ្ឋាន នៅប្រទេសលុចសំបួរ ក្នុងតម្លៃប្រហែល ៤,១ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន MSN បានបង្ហាញថា ក្រុមហ៊ុន Atlas Luxco Sarl របស់លោក Niel បានដាក់សំណើជាសាច់ប្រាក់សុទ្ធ ក្នុងមួយហ៊ុនតម្លៃ ២៤ដុល្លារ ទាបជាងហាងឆេងផ្សារហ៊ុន ដែលមានតម្លៃ ២៤,៥៥ដុល្លារ។
យ៉ាងណា សំណើរបស់មហាសេដ្ឋីរូបនេះ ត្រូវបានច្រានចោលដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Millicom ក្រោមហេតុផលថា តម្លៃដែលក្រុមហ៊ុនមហាសេដ្ឋីបារាំង ផ្ដល់ឲ្យ គឺមានទាបជាងហាងឆេងទីផ្សារខ្លាំងពេក។
សូមជម្រាបដែរថា បច្ចុប្បន្ន ក្រុមហ៊ុន Atlas របស់មហាសេដ្ឋីរូបនេះ គឺជាម្ចាស់ភាគហ៊ុនធំមួយស្រាប់ហើយ នៅក្នុងក្រុមហ៊ុន Millicom ហើយក្រុមហ៊ុននេះ ក៏ព្យាយាមទិញភាគហ៊ុនសេសសល់ រយៈពេលរាប់ខែ ក្នុងបំណងចង់គ្រប់គ្រងក្រុមហ៊ុនទាំងមូលផងដែរ ក៏ប៉ុន្តែមិនដែលទទួលបានជោគជ័យ៕