ប្រធានាធិបតី Ranil Wickremesinghe បានមានប្រសាសន៍ថា ប្រទេសស្រីលង្កាទំនងចំណេញបាន ៥ពាន់លានដុល្លារ ពីការរៀបចំរចនាសម្ព័ន្ធបំណុលថ្មី ជាពិសេសគឺជាមួយប្រទេសចិន តាមរយៈការកាត់បន្ថយអត្រាការប្រាក់ និងពន្យារពេលសងបំណុល។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កិច្ចកុងត្រា ដែលបានព្រមព្រៀងគ្នាកាលពីសប្ដាហ៍មុន នឹងអនុញ្ញាតិឲ្យស្រីលង្ការ ពន្យារពេលសងបំណុលរហូតដល់ឆ្នាំ២០២៨ និងកាត់បន្ថយអត្រាការប្រាក់រហូតដល់ ២,១%។
កិច្ចព្រមព្រៀងនេះផងដែរ នឹងជួយឲ្យស្រីលង្កាចំណេញប្រាក់រាប់ពាន់លានដុល្លារ ជាពិសេសគឺការបង់ការប្រាក់ឲ្យប្រទេសចិន ដែលជាម្ចាស់បំណុលធំបំផុតរបស់ខ្លួន ដែលមានអត្រាការប្រាក់រហូតដល់ ៨% ខណៈជប៉ុនដែលជាម្ចាស់បំណុលធំបំផុតទី២ ទាមទារការប្រាក់មិនដល់ ១% ផង។
សូមជម្រាបដែរថា ចិន គឺជាម្ចាស់បំណុលធំបំផុតរបស់ស្រីលង្កា ដោយមានបំណុលប្រមាណ ៤,៦៦ពាន់លានដុល្លារ ក្នុងចំណោមបំណុលសរុប ១០,៥៨ពាន់លានដុល្លារ ដែលស្រីលង្កាបានខ្ចីប្រទេសផ្សេងៗទៀត៕