រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ មានប្រវត្តិជោគជាំលើឆាកនយោបាយ

អន្តរជាតិ

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសដ៏លេចធ្លោរបស់ជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃ ពោលពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ខណៈក្នុងវ័យ ៧១ឆ្នាំនេះលោកស្រីគឺជាអ្នកនយោបាយជើងចាស់ ធ្លាប់កាន់តួនាទីកំពូលៗក្នុងរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីដល់ទៅបីនាក់ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កើតនៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៥៣ ក្នុងទីក្រុង Shizuoka នៃប្រទេសជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ បានរៀនចប់នៅសាកលវិទ្យាល័យនៅខែមីនា ឆ្នាំ១៩៧៧ ។ ក្រោយពីបញ្ចប់ការសិក្សា នាខែមេសា លោកស្រីបានបម្រើការងារជាអ្នកស្រាវជ្រាវ នៅវិទ្យាស្ថានស្រាវជ្រាវ Mitsubishi ហើយរហូតមកដល់់ឆ្នាំ១៩៨៨ លោកស្រីបានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ ពីសាលារដ្ឋាភិបាល John F. Kennedy នៃសាកលវិទ្យាល័យ Harvard University ហើយអំឡុងពេលនោះដែរ លោកស្រីក៏បានធ្វើការជាសហការី នៅក្រោមសមាជិកព្រឹទ្ធសភាអាមេរិក Max Baucus​ ទៀតផង។

គួរឲ្យដឹងដែរថា អ្នកនយោបាយស្ត្រីដ៏លេចធ្លោរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) រូបនេះ បច្ចុប្បន្នកំពុងកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេស ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣ មក។ មួយវិញទៀត លោកស្រីក៏ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពីខែកញ្ញា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២១ និងក៏ធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួងសមភាពយែនឌ័រ និងសង្គមកិច្ច ក្នុងខុទ្ទកាល័យរបស់អតីតនាយករដ្ឋមន្ត្រី Shinzo និង Yasuo Fukuda ហើយចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ មកលោកស្រីក៏ជាសមាជិកមួយរូប នៃសភាតំណាងរាស្ត្រផងដែរ។

សូមជម្រាបថា នៅអំឡុងដំណើរទស្សនកិច្ចនេះ លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន ខាមីខាវ៉ា យ៉ូកុ នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ទៀតផង៕