បុរសខ្លាំងរដ្ឋចិន ចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងតាជីគីស្ថាន

អន្តរជាតិ

យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ឲ្យដឹងថា មេដឹកនាំរបស់ប្រទេសចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារ ទី២ ខែកក្កដានេះ បានចាកចេញពីប្រទេសហើយ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងតាជីគីស្ថាន ក្នុងអំឡុងពេលដែលលោកនឹងត្រូវចូលរួមកិច្ចប្រជុំនៃបណ្តាប្រទេសសម្ព័ន្ធភាពសៀងហៃ (SCO) នៅក្នុងរដ្ឋធានី Astana នៃប្រទេសកាហ្សាក់ស្ថាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនដដែលនេះ បន្ថែមឲ្យដឹងទៀតថា ​ប្រធានាធិបតីលោក ស៊ី ជិនពីង បានចាកចេញពីទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃអង្គារនេះ សម្រាប់កិច្ចប្រជុំលើកទី២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Astana និងសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសកាហ្សាក់ស្ថាន និងតាជីគីស្ថាន តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក Kassym-Jomart Tokayev នៃសាធារណរដ្ឋកាហ្សាក់ស្ថាន និងលោក Emomali Rahmon ប្រធានាធិបតី នៃសាធារណរដ្ឋតាជីគីស្ថាន។

គួរឲ្យដឹងថា SCO បច្ចុប្បន្នមានសមាជិកអចិន្ត្រៃយ៍ចំនួន៩ ដោយក្នុងនោះរួមមាន កាហ្សាក់ស្ថានដែលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសម្រាប់ឆ្នាំនេះ និង ឥណ្ឌា ចិន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន អ៊ូសបេគីស្ថាន និងអ៊ីរ៉ង់ដែលបានចូលជាសមាជិកកាលពីឆ្នាំមុន។

ជម្រាបជូនផងដែរថា លោក Cai Qi សមាជិកលំដាប់កំពូលនៃបក្សកុម្មុយនិស្តចិន និងរដ្ឋមន្ត្រីការបរទេស លោក Wang Yi ក៏បានចូលរួមអមដំណើរជាមួយប្រធានាធិបតី លោក ស៊ី សម្រាប់ដំណើរទស្សនកិច្ចនេះផងដែរ៕