យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម បានបង្ហាញឲ្យដឹងថា ប្រទេសរបស់ខ្លួនបាននាំចេញអង្ករក្នុងចំនួនសរុប ៤,៦៨ លានតោន សម្រាប់រយ:ពេល ៦ខែដំបូងឆ្នាំ២០២៤ នេះ ដោយអាចរកចំណូលបានជិត ៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ក្រសួងបានបន្ថែមឲ្យដឹងទៀតថា សម្រាប់តួលេខនៃការនាំចេញនេះមានការកើនឡើង ១០,៤% គិតនៅក្នុងបរិមាណ និង ៣២% គិតនៅក្នុងតម្លៃ បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។
គួរឲ្យដឹងថា វៀតណាមប្រមូលផលស្រូវនៅលើផ្ទៃដីចំនួន ៣,៤៨ លានហិកតា ក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កើនឡើង ០,៥% ធៀបនឹងឆ្នាំមុន។ ទិន្នផលជាមធ្យមឈានដល់ ៦,៧ តោនក្នុងមួយហិកតា ដែលធ្វើឲ្យទិន្នផលអង្ករសរុបកើនឡើងដល់ ២៣,៣ លានតោន។
ទន្ទឹមនឹងនោះ វៀតណាម ក៏បានចំណាយថវិកាប្រមាណ ៦៧០លានដុល្លារ លើការនាំចូលអង្ករពីប្រទេសផ្សេងទៀតផងដែរ ដោយក្នុងនោះភាគច្រើននាំចូលពីប្រទេសកម្ពុជា និងឥណ្ឌា។
ជម្រាបជូនផងដែរថា បើទោះបីជាប្រទេសនាំចេញអង្ករធំបំផុតទីពីររបស់ពិភពលោកក៏ដោយ ប៉ុន្តែវៀតណាម នៅតែបន្តនាំចូលអង្ករប្រភេទមួយចំនួន សម្រាប់ផលិតជាចំណីសត្វដើម្បីបំពេញតម្រូវការក្នុងស្រុកបន្ថែម៕