នាថ្ងៃទី៣ ខែកក្កដា ធនាគារពិភពលោក បានព្យាករណ៍ម្តងទៀតថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងមានកំណើន២,៤% ប៉ុណ្ណោះនៅឆ្នាំ២០២៤ ដោយធ្លាក់ចុះពីការព្យាករណ៍នៅខែមេសាដែលមានចំនួន២,៨% ដោយហេតុថាការនាំចេញ និងការវិនិយោគសាធារណៈនៅដើមឆ្នាំ កំពុងមានភាពទន់ខ្សោយនៅឡើយ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post ។
មិនត្រឹមតែប៉ុណ្ណោះ ធនាគារពិភពលោកក៏បាននិយាយដែរថា កំណើនសេដ្ឋកិច្ចថៃត្រូវបានព្យាករណ៍ក្នុងអត្រា២,៨% នៅឆ្នាំ២០២៥ ខាងមុខ រីឯធនាគារកណ្តាលថៃ (BoT) វិញបានព្យាករណ៍កំណើនសេដ្ចកិច្ចរបស់ខ្លួនត្រឹមចំនួន២,៦% នៅឆ្នាំនេះ និង៣% សម្រាប់ឆ្នាំក្រោយ។
ជាមួយគ្នា បើតាមស្ថាប័នហិរញ្ញវត្ថុក៏បានលើកឡើងដែរថា ការមកដល់របស់ភ្ញៀវទេសចរបរទេស រំពឹងថានឹងកើនដល់ ៣៦,១លាននាក់នៅឆ្នាំ២០២៤ លើសពីចំនួននៅឆ្នាំ២០២៣ ដែលមាន ២៨,២លាននាក់។ បន្ថែមពីនោះ កំណើនរបស់ភ្ញៀវទេសចរចិន នឹងជំរុញការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបនៅឆ្នាំ២០២៥ ថានឹងឈានដល់ ៤១,១លាននាក់ផងដែរ។
សូមជម្រាបដែរថា រដ្ឋាភិបាលកំពុងកាន់អំណាចសព្វថ្ងៃបានសន្យាថានឹងចែកលុយឌីជីថលចំនួន ៥០០ពាន់លានបាត (១៣,៦ពាន់លានដុល្លារ) ដល់ពលរដ្ឋ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក៏ប៉ុន្តែគ្រោងការនេះនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ខណៈនាពេលថ្មីៗ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Paopoom Rojanasakul បានបង្ហើបប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលគ្រោងនឹងដាក់ចេញវិធានការបន្ថែមមួយទៀត ដើម្បីអាចជំរុញកំណើនសេដ្ឋកិច្ចរហូតដល់ចំនួន៣% នៅឆ្នាំ២០២៤៕