យោងតាមទស្សនាវដ្តីនិយាយពីអ្នកមាន Forbes បានឲ្យដឹងនៅថ្ងៃទី៣ ខែកក្កដាថា គ្រួសារជាម្ចាស់ក្រុមហ៊ុនផលិតភេសជ្ជៈដ៏ល្បីល្បាញ Red Bull និងត្រូវបានដឹកនាំដោយលោក Chalerm Yoovidhya បានក្លាយជាវង្សត្រកូលគ្រួសារដែលមានជាងគេបំផុតរបស់ប្រទេសថៃ តាមហួសទ្រព្យសម្បត្តិរបស់បងប្អូនត្រកូល Chearavanont ទៅទៀត។

គ្រួសាររបស់លោក Chalerm Yoovidhya បានកើនទ្រព្យសម្បត្តិដល់ទៅចំនួន ៣៦ពាន់លានដុល្លារ។ ការដែលគ្រួសារមួយនេះ បានបោះជំហាននាំមុខទ្រព្យសម្បត្តិលើសគេដូច្នេះ ក៏ដោយហេតុថាប្រាក់ចំណូលរបស់ Red Bull បានកើនឡើងលើសពី ១១ពាន់លានដុល្លារកាលពីឆ្នាំមុន ជាមួយនឹងការលក់ភេសជ្ជៈនៅទូទាំងពិភពលោកបានចំនួនជាង ១២ពាន់លានដប និងកំប៉ុង។

ជាមួយគ្នា បងប្អូនប្រុសត្រកូល Chearavanont ម្ចាស់ក្រុមហ៊ុន Charoen Pokphand Group បានធ្លាក់តំណែងមកនៅត្រឹមលេខពីរវិញ ដោយទ្រព្យសម្បត្តិបានធ្លាក់ចុះពីចំនួន ៣៤ពាន់លានដុល្លារកាលពីឆ្នាំមុនមកដល់ត្រឹម ២៩ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤។ ការធ្លាក់ចុះដូច្នេះ ត្រូវបានទស្សនាវដ្តី Forbes សន្មត់ថាមកពីភាគហ៊ុនរបស់ពួកគេ នៅក្នុងក្រុមហ៊ុន Ping An Insurance របស់ចិន ថយចុះតម្លៃទីផ្សារ។

ទន្ទឹមនឹងនោះ លោក Charoen Sirivadhanabhakdi ម្ចាស់ក្រុមហ៊ុន Thai Beverage កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៣ ជាមួយទ្រព្យសម្បត្តិប៉ាន់ស្មានខ្ទង់ ១០ពាន់លានដុល្លារ ដោយបានធ្លាក់ទ្រព្យសម្បត្តិដល់ទៅ ៣,៦ពាន់លានដុល្លារឯណោះបើធៀបនឹងឆ្នាំមុន។

មួយវិញទៀត គ្រួសារត្រកូល Chirathivat នៅតែរក្សាចំណាត់ថ្នាក់លេខ ៤ដដែល ពោលគ្រួសារមួយនេះមានទ្រព្យចំនួន ៩,៩ពាន់លានដុល្លារធ្លាក់ចុះ២០% ពីចំនួន ១២,៤ពាន់លានដុល្លារកាលពីឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Central Group របស់គ្រួសារមួយនេះបានបង្កើនភាគហ៊ុន និងក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបង្អស់របស់ហាង Selfridges នៅទីក្រុងឡុងដ៍ កាលពីខែវិច្ឆិកាទៀតផង។

ជាមួយគ្នា មហាសេដ្ឋីរកស៊ីលើវិស័យថាមពល និងទូរគមនាគមន៍ Sarath Ratanavadi បន្តរក្សាតំណែងលេខ៥ ជាមួយនឹងការកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៩,២ពាន់លានដុល្លារ ធ្លាក់ចុះពីចំនួន ១១,៣ពាន់លានដុល្លារ។

សូមជម្រាបបន្ថែមថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីមានដាច់គេទាំង ៥០របស់ប្រទេសថៃ បានធ្លាក់ចុះជិត១២% មកនៅត្រឹម ១៥៣ពាន់លានដុល្លារ ដោយហេតុថាសន្ទស្សន៍ផ្សារហ៊ុនថៃ និងប្រាក់បាត កំពុងមានអត្រានៃការឱនក្បាលចុះ៕