ថៃ បន្តរក្សាចំណាត់ថ្នាក់ជាប្រទេសនំាចេញអង្ករធំបំផុតលំដាប់ទីពីររបស់ពិភពលោក

អន្តរជាតិ

យោងតាម​ការ​លើក​ឡើង​របស់​ប្រធាន​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ (TREA) លោក Charoen Laothamatas បានបង្ហាញឲ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃ ក្នុងរយ:ពេល ៥ខែដំបូងឆ្នាំ២០២៤ នេះ បានឈានដល់ចំនួនសរុបជិត ៤,០៦ លានតោន កើនឡើង ១៦,៥% និងអាចរកចំណូលបាន ៩៤,៦ពាន់លានបាត (២,៦ពាន់លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីផ្សារសំខាន់ដែលប្រទេសថៃនាំចេញអង្ករទៅច្រើនជាងគ ក្នុងរយៈពេល ៥ខែដំបូងឆ្នាំនេះ មានដូចជាឥណ្ឌូនេស៊ី ក្នុងចំនួន ៩១៤ ៧៦០ តោន , អ៊ីរ៉ាក់ ចំនួន ៣៦៣ ៤៣៨ តោន , សហរដ្ឋអាមេរិក ចំនួន ៣៤៤ ៨៧៣ តោន , ហ្វីលីពីន ២៨០ ៥២២ តោន និងអាហ្រ្វិកខាងត្បូង ចំនួន ២២៩ ៣៦៩ តោន។

ទន្ទឹមនឹងនេះ លោក Charoen បាននិយាយថា តម្លៃអង្កររបស់ថៃគឺខ្ពស់ជាងអង្ករដែលផលិតដោយប្រទេសឥណ្ឌា វៀតណាម និងប៉ាគីស្ថាន ខណ:លោកបានបន្ថែមទៀតថា ដោយសារតែភាពខុសគ្នានៃតម្លៃនេះហើយ បានជំរុញឲ្យហ្វីលីពីន និងឥណ្ឌូណេស៊ី ហាក់កំពុងបង្កើនការនាំចូលអង្ករពីវៀតណាមជំនួសវិញ។

ជម្រាបជូនថា ឥណ្ឌានៅតែជាប្រទេសនាំចេញអង្ករធំជាងគេរបស់ពិភពលោក ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ដោយមានចំនួនសរុប ៧,២ លានតោន បន្ទាប់មកប្រទេសថៃ មានចំនួន ៤,០៦ លានតោន ខណ:វៀតណាមជាប់លេខ៣ មានចំនួន ៤,០៣ លានតោន តាមពីក្រោយដោយ ប៉ាគីស្ថាន ៣,០២ លានតោន និងសហរដ្ឋអាមេរិក មានចំនួន ១,៥ លានតោន៕