យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនផលិតដែកខ្នាតយក្សជប៉ុន Nippon Steel បាននិយាយនៅថ្ងៃពុធ ទី៣ ខែកក្កដានេះថា អនុប្រធានក្រុមហ៊ុនលោក Takahiro Mori គ្រោងនឹងធ្វើដំណើរត្រលប់ទៅកាន់ទឹកដីសហរដ្ឋអាមេរិកជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ ដើម្បីបន្តកិច្ចពិភាក្សាជុំវិញការដាក់សំណើទិញយកក្រុមហ៊ុន US Steel។ នេះតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជុំវិញការធ្វើដំណើរដែលបានគ្រោងទុកដោយលោក Mori នេះ ត្រូវបានកើតឡើង បន្ទាប់ពីលោកបានទៅកាន់សហរដ្ឋអាមេរិកពីរលើករួចមកហើយ កាលពីក្នុងខែឧសភា និងខែមិថុនា ដើម្បីបន្តចរចាលើកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនផលិតដែកធំបំផុតលំដាប់ទី៤ របស់ពិភពលោក ដែលមានតម្លៃដល់ទៅ ១៥ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ Nippon Steel ហាក់មិនទាន់ផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោក Mori ទៅកាន់សហរដ្ឋអាមរិកនៅឡើយនោះទេ។ ប៉ុន្តែបើតាមប្រភពដែលដឹងពីផែនការធ្វើដំណើរនេះ បានបង្ហើបថា លោក Mori នឹងធ្វើដំណើរទៅកាន់រដ្ឋមួយចំនួនដែលមានរោងចក្ររបស់ក្រុមហ៊ុន US Steel និងជួបជាមួយមន្ត្រីក្នុងតំបន់ រួមទាំងមេដឹកនាំសហគមន៍ និងកម្មករ ផងដែរ។
ជម្រាបជូនថា បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Nippon បានបង្ហាញថា សម្រាប់ការធ្វើដំណើរទៅកាន់សហរដ្ឋអាមរិកកាលពីពេលកន្លងទៅ លោក Mori បានជួបជាមួយបុគ្គលិករបស់ក្រុមហ៊ុន US Steel និងអ្នកដឹកនាំសហគមន៍ ដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីទស្សនៈរបស់ពួកគេ និងបានឃើញពីប្រតិកម្មវិជ្ជមាន ចំពោះការដាក់សំណើទិញយកក្រុមហ៊ុននេះ៕