កាលពីពេលថ្មីៗនេះ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb ដែលជាសមាជិកអង្គការណាតូ បានមានប្រសាសន៍ថា សង្គ្រាមនៅអ៊ុយក្រែនអាចបញ្ចប់ដោយស្រួល គ្រាន់តែលោក ស៊ី ជិនពីង តេទូរស័ព្ទនិយាយជាមួយលោក វ៉្លាឌីមៀ ពូទីន មួយភ្លែតប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
មេដឹកនាំហ្វាំងឡង់អះអាងថា បច្ចុប្បន្នរុស្ស៊ីកំពុងពឹងផ្អែកខ្លាំងលើប្រទេសចិន ដូច្នេះហើយបើសិនជាចិនចង់ជួយដោះស្រាយបញ្ហាសង្គ្រាមនេះមែន ពួកគេអាចបញ្ចប់វាបានដោយស្រួលបំផុត ក៏ប៉ុន្តែពួកគេបែរជាមិនរវីរវល់ទៅវិញ។
គួររំលឹកបន្តិចថា កន្លងមកប្រទេសចិន ក៏ធ្លាប់បានប្រកាសពីសំណើសន្តិភាព ១២ចំណុច ដែលអាចបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ ក៏ប៉ុន្តែសំណើមួយនោះ មិនត្រូវបានឯកភាពពីមហាអំណាចលោកខាងលិច ក្រោមហេតុផលថា រុស្ស៊ីទទួលបានផលប្រយោជន៍ច្រើនជាងអ៊ុយក្រែន បើសិនជាអនុវត្តតាមលក្ខខណ្ឌសំណើនោះ។
ជម្រាបបន្ថែមថា តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ មហាអំណាចលោកខាងលិច បានព្យាយាមអូសទាញប្រទេសចិន ចូលរួមដោះស្រាយបញ្ហាមួយនេះ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ក៏ប៉ុន្តែចិនប្រកាន់ជំហរនៅកណ្ដាល មិនលូកដៃក្នុងបញ្ហាមួយនេះឡើយ៕