ឥណ្ឌូណេស៊ី​ បើក​ដំណើរការ​រោងចក្រផលិត​អាគុយរថយន្តអគ្គិសនីដំបូង​គេ​បង្អស់ នៅ​អាស៊ីអាគ្នេយ៍

អន្តរជាតិ

ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៣ ខែកក្កដាកន្លងទៅ បានបើកដំណើរការរោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងបង្អស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រនេះមានទីតាំងនៅទីក្រុង Karawang ភាគខាងលិចកោះ​ជ្វា​ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PT HLI Green Power ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនសាជីវកម្មអាគុយរបស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុន Hyundai Motor Group និង LG Energy Solution (LGES) របស់ប្រទេសកូរ៉េខាងត្បូង។

ដោយថ្លែងនៅក្នុងពិធីសម្ពោធនោះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បាននិយាយថា ការបើកដំណើរការរោងចក្រនេះ គឺជាជំពូកថ្មីមួយដែលបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការក្លាយជាដៃគូសកល នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីសម្របសម្រួលសម្រាប់កិច្ចការសមុទ្រ និងការវិនិយោគ លោក Luhut Binsar Pandjaitan បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ឥណ្ឌូណេស៊ី ក្នុងការក្លាយជាតួអង្គដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីជាសកល ដោយសារតែប្រទេសរបស់ខ្លួនមានទុនបំរុងរ៉ែនីកែលដ៏ធំបំផុតរបស់ពិភពលោក ដែលជាសមាសធាតុសំខាន់នៃការផលិតអាគុយរថយន្ត EV។

ជម្រាបជូនផងដែរថា ជាមួយនឹងការវិនិយោគក្នុងចំនួនទឹកប្រាក់ ១ពាន់លានដុល្លារ រោងចក្រនេះអាចផលិតអាគុយរហូតដល់ ១០ GWh ជារៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់រថយន្តអគ្គិសនីចំនួន ១៥០ ០០០ គ្រឿង៕