នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នាថ្ងៃទី០៨ និងទី០៩ ខែកក្កដា ខណៈវានឹងក្លាយជាការបំពេញទស្សនកិច្ចដំបូងរបស់លោក Modi ទៅកាន់មហាអំណាចនុយក្លេអ៊ែរមួយនេះ តាំងពីរុស្ស៊ីបើកការឈ្លានពានចូលអ៊ុយក្រែន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន TheMoscowTimes បានបង្ហាញថា ថ្នាក់ដឹកនាំឥណ្ឌា និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងជជែកគ្នាលើប្រធានបទមួយចំនួន ដូចជាទស្សនវិស័យនៃការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំង២ ក៏ដូចជាបញ្ហាពាក់ព័ន្ធលើរបៀបវារៈអន្តរជាតិ និងក្នុងតំបន់។
សូមរំលឹកបន្តិចថា ចាប់តាំងពីទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីមហាអំណាចលោកខាងលិច ប្រទេសរុស្ស៊ីបានសម្លឹងឃើញឥណ្ឌា គឺជាដៃគូសហការយ៉ាងសំខាន់មួយ ទាំងលើផ្នែកការទូត និងការធ្វើពាណិជ្ជកម្ម។
ជម្រាបបន្ថែមថា ឥណ្ឌាបានប្រកាន់ជំហរឈរនៅចំណុចកណ្ដាល ជុំវិញបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈឥណ្ឌាបានក្លាយជាម៉ូយដុំធំបំផុតរបស់រុស្ស៊ី ក្នុងការទិញប្រេងពីប្រទេសមួយនេះ៕