ក្រុមហ៊ុន Foxconn ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ គ្រោងធ្វើការបណ្ដាក់ទុនចំនួន ៥៥១លានដុល្លារ លើគម្រោងធំៗ២ នៅខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ទទួលបានអាជ្ញាប័ណ្ណលើគម្រោងតម្លៃ ២៦៤លានដុល្លារ នៅក្នុងសួនឧស្សាហកម្ម Song Khoai Amata ដើម្បីផលិតឧបករណ៍កម្សាន្តឆ្លាតវៃ ជាមួយសមត្ថភាពផលិតប្រចាំឆ្នាំបាន ៤,២លានគ្រឿង។
បន្ថែមពីនោះ ពួកគេក៏ទទួលបាននូវអាជ្ញាប័ណ្ណអភិវឌ្ឍន៍លើគម្រោងមួយទៀតនៅក្នុងសួនឧស្សាហកម្ម Bac Tien Phong ដែលមានតម្លៃ២៨៧លានដុល្លារ ជាមួយផែនការបង្កើតឧបករណ៍ប្រព័ន្ធឆ្លាតវៃផងដែរ។
សូមជម្រាបដែរថា រដ្ឋបាលខេត្ត Quang Ninh ក៏បានប្រកាសថា នឹងរៀបចំក្រុមការងារមួយចំនួន ដើម្បីជួយពន្លឿនការងាររបស់ក្រុមហ៊ុន Foxconn ក៏ដូចជាពន្លឿនការសាងសង់រោងចក្រទាំង ២កន្លែងនោះឲ្យចប់ត្រឹមខែកញ្ញា ឆ្នាំ២០២៥៕