ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដាកន្លងទៅ ដោយបង្ហាញការជឿជាក់ថា លោក ដូណាល់ ត្រាំ ពិតជាមានចិត្តស្មោះមែនក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែរូបលោកផ្ទាល់នៅមិនទាន់ថា បេក្ខភាពប្រធានាធិបតីអាមរិករូបនេះ មានគម្រោងក្នុងការបញ្ចប់សង្គ្រាមតាមរបៀបណានោះទេ ប្រសិនបើជាប់ឆ្នោត នៅឆ្នាំនេះនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការលើកឡើងរបស់លោក ពូទីន បែបនេះ គឺត្រូវបានធ្វើឡើងនៅឯសន្និសីទសារព័ត៌មានមួយ ក្នុងប្រទេសកាហ្សាក់ស្ថាន ដោយមេដឹកនាំរបស់រុស្ស៊ីរូបនេះ ត្រូវបានគេសាកសួរចំពោះការអធិប្បាយរបស់លោក ត្រាំ ដែលបាននិយាយថាលោកអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបាន ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមរិកសារជាថ្មីនោះ។
ជាការឆ្លើយតបចំពោះសំណួរនេះ លោក ពូទីន បាននិយាយថា ៖ ” យើងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះរឿងដែលថាលោក ត្រាំ ក្នុងនាមជាបេក្ខភាពប្រធានាធិបតីម្នាក់ បានប្រកាសថាលោកត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន” ។
“ពិតណាស់ ខ្ញុំនៅមិនទាន់ដឹងពីរបៀបដែលគាត់គ្រោងនឹងបញ្ចប់សង្គ្រាមយ៉ាងណានោះទេ។ នេះគឺជាសំណួរសំខាន់។ ប៉ុន្តែខ្ញុំមិនមានអ្វីត្រូវសង្ស័យឡើយ នោះជាការលើកឡើងដោយស្មោះត្រង់ ហើយយើងនឹងគាំទ្រទៅលើគំនិតនៃការបញ្ចប់សង្រ្គាមនេះ”។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ប្រធានាធិបតីរុស្ស៊ី។
ជម្រាបជូនផងដែរថា ក្នុងអំឡុងពេលជជែកដេញដោលមួយទល់មួយ ជាមួយប្រធានាធិបតី លោក ចូ បៃដិន កាលពីសប្តាហ៍មុន លោក ត្រាំ នៅតែប្រកាន់ជំហរយ៉ាងរឹងមាំថា ប្រសិនបើជាប់ឆ្នោត រឿងដំបូងបង្អស់ត្រូវធ្វើលោកនឹងដោះស្រាយជម្លោះ មុនពេលលោកចូលកាន់តំណែងនៅខែមករា ឆ្នាំ២០២៥៕