ឥណ្ឌូណេស៊ី គ្រោងដំឡើងពន្ធដល់ ២០០% លើការនាំចូលទំនិញរបស់ប្រទេសចិន

អន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ នឹងដំឡើងពន្ធនាំចូលរហូតដល់ ២០០% លើទំនិញរបស់ប្រទេសចិន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ដែលដកស្រង់ចេញពីសម្តីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Zulkifli Hasan ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបន្ថែមឲ្យដឹងទៀតថា ពន្ធចាប់ពី ១០០% ទៅ ២០០% នឹងត្រូវដាក់លើការនំាចូលទំនិញរបស់ចិន រាប់ចាប់ពីស្បែកជើង រហូតដល់ផលិតផលសេរ៉ាមិច ដោយផែនការថ្មីនេះ មានគោលបំណងក្នុងការធានាបានថា ឧស្សាហកម្មក្នុងស្រុកនឹងបន្តរស់រានមានជីវិត និងរីកចម្រើន ព្រោះថាប្រសិន​បើ​ឥណ្ឌូណេស៊ីត្រូវ​​ជន់​លិច​ដោយ​ទំនិញ​នាំ​ចូល​ នោះសហគ្រាស​ខ្នាត​តូច និង​មធ្យម​​ ​នឹង​ដួល​រលំ​ជាមិនខាន។

គួរឲ្យដឹងថា ប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះ បានដាក់ចេញបទប្បញ្ញត្តិកាលពីចុងឆ្នាំមុន ដើម្បីរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូលជាង ៣ ០០០ ប្រភេទ រាប់ចាប់តាំងពីគ្រឿងផ្សំម្ហូបអាហារ គ្រឿងអេឡិចត្រូនិក រហូតដល់សារធាតុគីមី។

ទន្ទឹមនឹងនេះ លោក Zulkifli បានសង្កត់ធ្ងន់ទៀតផងដែរថា កាតព្វកិច្ចដំឡើងពន្ធលើទំនិញរបស់ចិននេះ នឹងត្រូវដាក់ចេញក្នុងពេលឆាប់ៗខាងមុខ ដោយវានឹងត្រូវរាប់បញ្ចូលលើទំនិញនាំចូលមួយចំនួន ដូចជាស្បែកជើង សម្លៀកបំពាក់ វាយនភ័ណ្ឌ គ្រឿងសំអាង និងផលិតសេរ៉ាមិច៕