នាយករដ្ឋមន្ត្រីវ័យក្មេងបារាំង Gabriel Attal បាននិយាយកាលពីម្សិលមិញថា លោកនឹងលាលែងពីតំណែង ដោយប្រគល់លិខិតលាលែងជូនប្រធានាធិបតី Emmanuel Macron នៅព្រឹកថ្ងៃទី០៨ ខែកក្កដានេះតែម្ដង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ការប្រកាសចង់ចុះចេញពីតំណែងរបស់នាយករដ្ឋមន្ត្រីវ័យក្មេង គឺបន្ទាប់ពីគណបក្សឆ្វេងនិយមជ្រុល ទទួលបានសម្លេងគាំទ្រខ្លាំងនៅក្នុងការបោះឆ្នោតសភា ស្របពេលគណបក្សរបស់លោកម៉ាក្រុង មិនទទួលបានសម្លេងគាំទ្រខ្លាំងប៉ុន្មានឡើយ។
លោក Gabriel Attal ក៏បានបង្ហើបដែរថា បើសិនជាលិខិតលាលែងតំណែងរបស់លោក ត្រូវបានបដិសេធ នោះលោកនឹងនៅតែព្យាយាមបំពេញភារកិច្ចឲ្យកាន់តែល្អ ដរាបណាប្រទេសជាតិនៅតែត្រូវការលោក។
សូមជម្រាបដែរថា សម្រាប់ការបោះឆ្នោតសភាបារាំងជុំទី២ គណបក្សឆ្វេងនិយមជ្រុល ទទួលបានអាសនៈច្រើនបំផុត ១៨២អាសនៈ ស្របពេលគណបក្សលោក ម៉ាក្រុង មានអាសនៈ ១៦៣អាសនៈ៕