ពីអតីតបុគ្គលិកសម្អាតបង្គន់ លោក Yu Pengnian ក្លាយជាកំពូលមហាសេដ្ឋីចិត្តបុណ្យនៅចិន

អន្តរជាតិ

ផ្តើមពីជីវិតក្រលំបាកតោកយ៉ាក ជាអ្នកសម្អាតបង្គន់នៅហុងកុង រហូតក្លាយជាមហាសេដ្ឋីចិត្តបុណ្យប្រាក់ពាន់លានដុល្លារ លោក Yu Pengnian បានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនទាំងអស់សរុបដល់ទៅ ១,២ពាន់លានដុល្លារដល់អង្គការសប្បុរសធម៌។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាសែត The Globe and Mail បានឲ្យដឹងថា លោក Yu កើតនៅឆ្នាំ១៩២២ ក្នុងគ្រួសារក្រីក្រស្ថិតនៅភូមិតូចមួយនាខេត្តហ៊ូណាន ភាគខាងត្បូងនៃប្រទេសចិន។ លុះរហូតដល់ឆ្នាំ១៩៤៩ រូបលោកបានចាកចេញពីស្រុកកំណើត ទៅស្វែងរកជីវិតថ្មីក្រោមក្តីសង្ឃឹមរំពឹងយកភាពជោគជ័យលើទឹកដីទីក្រុងសៀងហៃ។ ផ្ទុយមកវិញ កាលនោះគាត់បានប្រឈមមុខនឹងការជាប់ពន្ធនាគារអស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែត្រូវបានគេចោទប្រកាន់មិនពិត ជាហេតុនាំឲ្យលុយខំសន្សំរាប់ឆ្នាំ ត្រូវបានគេរឹបអូសត្រឹមតែមួយប៉ប្រិចភ្នែក។

ក្រោយទទួលបានសេរីភាពឡើងវិញ លោក Yu បានផ្លាស់ទីលំនៅពីសៀងហៃ ទៅកាន់ទីក្រុងហុងកុងអំឡុងឆ្នាំ១៩៥៨ ហើយបានចាប់ផ្តើមធ្វើការងារជាអ្នកសម្អាតបង្គន់ឲ្យក្រុមហ៊ុនដ៏ធំមួយ។ បណ្តាបុគ្គលិកជាមិត្តរួមការងារសឹងតែគ្រប់គ្នាក្នុងក្រុមហ៊ុន ជាធម្មតាតែងតែប្រញាប់ប្រញាល់ចេញពីធ្វើការ ទៅសម្រាកកម្សាន្តលំហែកាយ ខុសអីតែ Yu មានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងថែមម៉ោងធ្វើការនាថ្ងៃចុងសប្តាហ៍ ដើម្បីបង្កើនថវិកា បើទោះបីដឹងថាជាថ្ងៃឈប់សម្រាកទូទៅក៏ដោយ។

កាសែត South China Morning Post ធ្លាប់បានដកស្រង់សម្តីរបស់គាត់ ដែលធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិនដីគោកថា៖ “ទោះបីជាការងារណាមានឋានៈទាបក៏ដោយ ហើយសូម្បីពេលសម្អាតបង្គន់ក៏ដោយ ខ្ញុំក៏នៅតែខិតខំបំពេញកាងារឲ្យបានស្អាតបំផុត”។

ជម្រាបដែរថា មិនមែ​នត្រឹមតែកាងារតែមួយមុខ ដែលគាត់បានធ្វើនោះទេ គាត់បានធ្វើការងារផ្សេងៗទៀត ហើយអំឡុងពេលនោះ លោក Yu តែងតែព្យាយាមរៀនសូត្រ ស្វែងរកចំណេះដឹងថ្មី បំពេញវិជ្ជា ព្រមទាំងអានកាសែត ជារៀងរាល់ថ្ងៃ បង្កើនចំណេះដឹងអំពីព័ត៌មានថ្មីៗកាន់តែច្រើនជាងមុន។

ត្រឹមតែកន្លះឆ្នាំក្រោយមក ការលះបង់ដ៏ក្លៀវក្លារបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ម្ចាស់ក្រុមហ៊ុន ព្រមទាំងផ្តល់នូវមុខតំណែងជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ នៅដើមទសវត្សឆ្នាំ១៩៦០ លោក Yu បានបែកគំនិតចាប់ដៃរកស៊ីជាមួយមិត្តភក្តិ វិនិយោគលើវិស័យអចលនទ្រព្យ ខណៈដំណើរជោគជ័យរបស់លោក គឺចាប់ផ្តើមតាំងតែពីពេលនោះមក។

ទោះបីជោគជ័យលើការរកស៊ីយ៉ាងណា ជីវិតធ្លាប់ហែរឆ្លងនូវភាពក្រខ្សត់លំបាក បានជំរុញឲ្យបុរសរូបនេះតែងតែងខិតខំបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជារឿយៗ រហូតលេចចេញជាមូលនិធិ Yu Pengnian ឡើងមក។ នៅឆ្នាំ២០១០ កាលនោះគាត់មានវ័យ ៨៨ឆ្នាំទៅហើយ លោក Yu បានបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនដែលមានតម្លៃប្រមាណ ១,២ពាន់លានដុល្លារដល់អង្គការសប្បុរសធម៌ ដោយទង្វើដូច្នេះបាននាំឲ្យ Yu ក្លាយជាសប្បុរសជនកំពូលរបស់ចិន។ នេះបើតាមការចុះផ្សាយពីកាសែត China Daily ។

គួរឲ្យដឹងថា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០ មូលនិធិបានផ្តល់ប្រតិបត្តិការជំនួយចំនួន ១៥០ ០០០វិក័យប័ត្រឯណោះ ក្នុងការទំនុកបម្រុងព្យាបាលអ្នកជំងឺភ្នែកឡើងបាយទូទាំងប្រទេស ព្រមទាំងបានជួយបង្កើតសាលារៀនជាច្រើនទៀត តាមតំបន់ជនបទភាគខាងលិចប្រទេសចិន។ អំពើល្អដែលបានសាងឡើងមក នាំឲ្យលោក Yu ឈរនៅកំពូលតារាង Hurun Philanthropy សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា ពោលពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ ដោយបានធ្វើការបរិច្ចាគទឹកប្រាក់អស់ចំនួន ៩១០លានដុល្លារ។

សូមជម្រាបផងដែរថា លោក Yu Pengnian បានទទួលអនិច្ចកម្មនៅអំឡុងឆ្នាំ២០១៥ នាវ័យ ៩២ឆ្នាំ ដោយពេលនោះលោកជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Foo Tak Development Company និងជាប្រធានសណ្ឋាគារ Shenzhen Panglin ផងដែរ។ មួយវិញទៀត លោកមិនបានបន្សល់ទុកនូវកេរ្តិ៍មរតកទុកឲ្យកូនចៅជំនាន់ក្រោយឡើយ ដោយថា “ខ្ញុំបានចិញ្ចឹមកូនធំឡើងដោយស្រណុកស្រុកស្រួល និងក៏បានបញ្ជូនកូនឲ្យទៅរៀននៅបរទេសផងដែរ។ ប្រសិនបើកូនរបស់ខ្ញុំឆ្លាត ពួកគេមិនត្រូវការលុយរបស់ខ្ញុំទេ ហើយបើពួកគេមិនឆ្លាត មិនចេះគ្រប់គ្រងលុយ នោះនឹងនាំតែគ្រោះថ្នាក់ដល់ពួកគេប៉ុណ្ណោះ”៕