រដ្ឋាភិបាលរុស្ស៊ី បន្តហាមឃាត់ការនាំចេញអង្កររបស់ខ្លួន រហូតដល់ដំណាច់ឆ្នាំ២០២៤ នេះ

អន្តរជាតិ

ក្រសួងកសិកម្មរបស់ប្រទេសរុស្ស៊ី បានស្នើសុំឲ្យបន្តហាមឃាត់ការនាំចេញអង្ករ សម្រាប់រយ:ពេល ៦ខែបន្ថែមទៀត ពោលរហូតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះ ដើម្បីធានាដល់សន្តិសុខស្បៀងអាហាររបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Oreanda។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹកផងដែរថា ការហាមឃាត់ទៅលើការនាំចេញអង្កររបស់រុស្ស៊ី ត្រូវបានដាក់ចេញជាដំបូង តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ មកម្លេះ បន្ទាប់ពីមានបញ្ហានៅក្នុងរោងចក្រថាមពលវារីអគ្គិសនី Fedorovsky ក្នុងទីក្រុង Kuban ដែលឧបទ្ទវហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទិន្នផលស្រូវអង្កររបស់រុស្ស៊ី។

ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលរុស្ស៊ី បានបន្តហាមឃាត់ការនាំចេញអង្កររបស់ខ្លួនជាបន្តបន្ទាប់ ដែលដំបូងឡើយគ្រោងនឹងត្រូវបិទបញ្ចប់វិញ នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរុស្ស៊ី កាលពីពេលថ្មីៗនេះ បានសម្រេចបន្តហាមឃាត់ការនាំចេញអង្កររបស់ខ្លួនជាបណ្តោះអាសន្ន រហូតដល់ដំណាច់ឆ្នាំ២០២៤ នេះតែម្តង ដើម្បីធានាដល់សន្តិសុខស្បៀងអាហារ និងធ្វើឲ្យមានស្ថិរភាពទីផ្សារអង្ករក្នុងស្រុក។

ជម្រាបជូនផងដែរថា ការហាមប្រាមនេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ការនាំចេញទៅកាន់ប្រទេសដែលជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនោះឡើយ។ ហើយបន្ថែមពីនេះ អង្ករ និង​ស្រូវ​ដែលផលិតនៅ​រុស្ស៊ី​ ក៏នៅតែ​អាច​ដឹកជញ្ជូន​ទៅ​ក្រៅប្រទេស​បាន តាមរយៈជំនួយ​មនុស្សធម៌៕