BYD បន្តក្តោបក្តាប់ទីផ្សារប្រទេសថៃ ក្រោយទិញយកភាគហ៊ុន ២០% នៅក្នុងក្រុមហ៊ុនតំណាងចែកចាយក្នុងស្រុក

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD បានប្រកាសទិញភាគហ៊ុនចំនួន ២០% នៅក្នុងក្រុមហ៊ុន Rever Automotive ដែលជាតំណាងចែកចាយក្នុងស្រុកដ៏ធំបំផុតរបស់ខ្លួន នៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសទិញយកនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន BYD បានបើកដំណើរការរោងចក្រដំបូងបំផុតរបស់ខ្លួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅប្រទេសថៃ កាលពីសប្តាហ៍មុន ខណ:រោងចក្រដែលមានតម្លៃប្រមាណ ៤៩០លានដុល្លារនេះ នឹងមានសមត្ថភាពផលិតរថយន្តសរុបប្រចាំឆ្នាំចំនួន ១៥០ ០០០ គ្រឿង និងផ្តល់ឱកាសការងារបានដល់ទៅ ១០ ០០០ នាក់។

គួរឲ្យដឹងថា ក្រុមហ៊ុន Rever Automotive ដែលមានបន្ទប់តាំងបង្ហាញជាង ១០០ កន្លែង នៅក្នុងប្រទេសថៃ បានចាប់ផ្តើមដាក់លក់រថយន្ត BYD តាំងពីក្នុងឆ្នាំ២០២២ មក រហូតធ្វើឲ្យក្រុមហ៊ុនរបស់ចិននេះ ក្លាយជាម៉ាកយីហោរថយន្ត EV លក់ដាច់បំផុតក្នុងប្រទេស។

លោក Liu Xueliang អ្នកគ្រប់គ្រងទូទៅផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ BYD បាននិយាយថា ៖”យើងមានសេចក្តីរំភើបរីករាយ ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូរបស់យើង ក្នុងការជួយថៃ ងាកមកចាប់យកការប្រើប្រាស់រថយន្តអគ្គិសនី និងរួមចំណែកដល់ការផ្លាស់ប្តូររបស់ប្រទេសនេះ ឆ្ពោះទៅកាន់គោលដៅអព្យាក្រឹតកាបូន នាពេលអនាគត” ។

ជម្រាបជូនផងដែរថា​ បើតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint បានបង្ហាញថា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ នេះ ក្រុមហ៊ុន BYD បានគ្រប់គ្រងចំណែកដល់ទៅ ៤៦% នៃទីផ្សាររថយន្តអគ្គិសនីសរុបរបស់ថៃ និងជាក្រុមហ៊ុនលក់រថយន្តប្រភេទដឹកអ្នកដំណើរធំបំផុតទីបីរបស់ប្រទេស ផងដែរ៕