ចិន មើលឃើញភ្ញៀវទេសចរបរទេសកើនឡើងច្រើនជាង​ទ្វេ​ដង ក្រោយដាក់ចេញវិធានការលើកលែងទិដ្ឋាការថ្មី

អន្តរជាតិ

គោលនរយោបាយលើកលែងទិដ្ឋាការថ្មីរបស់ប្រទេសចិន ហាក់ទទួលបានភាពជោគជ័យខ្លាំង ក្នុងការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន បន្ទាប់ពីចំនួនជនបរទេសចូលមកលេងកម្សាន្តប្រទេសរបស់ខ្លួន បានកើនឡើងច្រើនជាងទ្វេដង ក្នុងរយ:ពេល ៦ខែដំបូង ឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទិន្នន័យពីរដ្ឋបាលអន្តោប្រវេសន៍ជាតិ បានបង្ហាញឲ្យដឹងថា ជនបរទេសសរុបចំនួន ១៤,៦ លាននាក់ បានមកលេងកម្សាន្តប្រទេសចិន ក្នុងឆមាសទីមួយនៃឆ្នាំនេះ ពោលគឺបានកើនឡើង ១៥២,៧% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ក្នុងចំណោមនោះ ជនបរទេសដែលបានមកកាន់ប្រទេសចិន ដោយគ្មានទិដ្ឋាការ មានចំនួន ៨,៥ លាននាក់ ឬស្មើនឹង ៥៨% នៃចំនួនភ្ញៀវទេសចរបរទេសសរុប ពោលគឺបានកើនឡើង ១៩០% បើធៀបទៅនឹងឆ្នាំមុន។

ក្រោយប្រឈមមុខនឹងការធ្លាក់ចុះនៃវិស័យទេសចរណ៍ក្នុងស្រុក ដោយសារវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាលចិន បានដាក់ចេញវិធានការថ្មី ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរមកពីប្រទេសជាច្រើន អាចស្នាក់នៅចិន បាន ១៥ថ្ងៃ សម្រាប់ការធ្វើអាជីវកម្ម ទេសចរណ៍ ឬធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។

គួរឲ្យដឹងផងដែរថា ច្បាប់លើកលែង​ទិដ្ឋាការ​ថ្មី​នេះ ​គ្របដណ្ដប់​លើ​ប្រទេស​ជាង​ ១០ នៅតំបន់​អឺរ៉ុប ​ក៏ដូចជា​អូស្ត្រាលី ផងដែរ ខណ:ប្រទេសចំនួន ២៣ ទៀត បានឈានដល់ការលើកលែងទិដ្ឋាការទៅវិញទៅមក រួមទាំងប្រទេសថៃ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី នៅឆ្នាំនេះ ស្របពេលប្រជាជនសិង្ហបុរី និងម៉ាឡេស៊ី អាចទស្សនាប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ក្នុងការធ្វើដំណើរមកមួយលើក។

ជម្រាបជូនថា ចិនក៏បានពង្រីកគោលនយោបាយឆ្លងកាត់ប្រទេសរបស់ខ្លួន ដោយគ្មានទិដ្ឋាការ រហូតដល់ ៥៤ ប្រទេស កាលពីខែវិច្ឆិកាឆ្នាំមុន ដោយពលរដ្ឋមកពីប្រទេសទាំងនោះ អាចស្នាក់នៅបានរហូតដល់ ១៤៤ម៉ោង នៅទីក្រុងប៉េកាំង សៀងហៃ និងទីក្រុងចំនួន ២០ ផ្សេងទៀត ប្រសិនបើពួកគេមានសំបុត្រយន្តហោះត្រូវបន្តធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតនោះ៕