ដោយផ្អែកតាមកិច្ចខិតខំប្រឹងប្រែងជំរុញហេដ្ឋារចនាសម្ព័ន្ធ ប្រទេសចិនកំពុងតែបង្ហាញនូវគម្រោងព្រែកជីកថ្មីមួយទៀត ដើម្បីប្រកួតប្រជែងជាមួយប្រឡាយព្រែកជីក Suez របស់អេហ្ស៊ីប។ គម្រោងដ៏មានសារៈសំខាន់សម្រាប់វិស័យដឹកជញ្ជូននេះ មានឈ្មោះថា Pinglu លាតសន្ធឹងប្រវែង ១៣៤គីឡូម៉ែត្រ ពីអាងស្តុកទឹក Xijin ជិតរដ្ឋធានី Nanning របស់ទីក្រុង Guangxi ទៅកាន់កំពង់ផែ Qinzhou ភាគខាងត្បូងប្រទេស។

សារព័ត៌មាន Express បានចុះផ្សាយថា ភក់ និងថ្ម ដែលកប់ក្នុងបាតទន្លេ នឹងត្រូវបានគេស្តារយកចេញដល់ទៅចំនួន ៣៤០លានម៉ែត្រគូប ខណៈការចំណាយលើការជីកប្រឡាយ Pinglu ព្រមទាំងការចំណាយលើការពង្រីក ឬសាងសង់ផ្លូវហាយវេ និងផ្លូវដែកសម្រាប់ដឹកជញ្ជូនទំនិញមកកាន់កប៉ាល់ ឲ្យកាន់តែងាយស្រួលជាងមុននោះ នឹងត្រូវចំណាយទំហំទុនវិនិយោគអស់ខ្ទង់ចំនួន ៧២,៧ពាន់លានយ័ន (ជាង ១០ពាន់លានដុល្លារ) ផងដែរ។

គួរឲ្យដឹងថា ប្រឡាយ Pinglu ត្រូវបានចាប់ផ្តើមគម្រោងតាំងតែពីឆ្នាំ២០១៩ មកម្លេះ ហើយប្រសិនបើដំណើរការរលូនទៅតាមផែនការ វាអាចនឹងត្រូវបានបញ្ចប់គម្រោងជាស្ថាពរនាឆ្នាំ២០២៦ ខាងមុខ ។ ម្យ៉ាងវិញទៀត ផ្លូវទឹកថ្មីរបស់ចិន Pinglu ត្រូវបានគេរំពឹងទៀតថា នឹងកាត់បន្ថយចម្ងាយដឹកជញ្ជូនពីប្រព័ន្ធទន្លេ ទៅកាន់សមុទ្របានរហូតដល់ទៅ ៥៦០គីឡូម៉ែត្រឯណោះ បើធៀបនឹងការធ្វើដំណើរឆ្លងកាត់តាមខេត្ត Guangzhou ។
សូមជម្រាបជូនថា នៅប្រទេសចិន គម្រោងសាងសង់ និងហេដ្ឋារចនាសម្ព័ន្ធធំៗដូច្នេះ សឹងតែមិនមែនជារឿងចម្លែកទៅហើយ ដោយថាប្រទេសជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោកមួយនេះ តែងតែបន្តស្វែងរកមធ្យោបាយ ជំរុញសកម្មភាពសេដ្ឋកិច្ច និងធ្វើឲ្យផលិតផលក្នុងស្រុកសរុបកើនឡើងជាលំដាប់៕
