កាលពីថ្ងៃទី០៦ ខែកក្កដា ទំនប់ទឹកសាបធំបំផុតទី២ នៅប្រទេសចិន គឺក្នុងខេត្តហ៊ូណាន បានបាក់មួយចំណែក បង្កឲ្យកើតមានជាទឹកជំនន់ លិចផ្ទះសម្បែងប្រជាពលរដ្ឋ ខណៈរដ្ឋាភិបាលបានជម្លៀសប្រជាជនរាប់រយគ្រួសារឯណោះ តែមិនមានជនរងគ្រោះបាត់បង់ជីវិតក្នុងហេតុការណ៍មួយនេះឡើយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន ChinaDaily បានបង្ហាញថា គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ បានបញ្ចេញថវិកា ២០០លានយ៉ន់ ឬប្រហែល ២៧,៥លានដុល្លារ ដើម្បីជួយដល់តំបន់មួយចំនួន ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់មួយនេះ។
ដោយមានការអន្តរាគមន៍បន្ទាន់ រដ្ឋាភិបាលចិនបានបញ្ចប់ការជួសជុលទំនប់ទឹកនៃដងទន្លេ Dongting Lake កាលពីយប់មិញវេលាម៉ោង ១០ និង៣០យប់។
សូមជម្រាបដែរថា មួយរយៈចុងក្រោយ ប្រទេសចិនបានជួបនូវគ្រោះធម្មជាតិជាច្រើន តួយ៉ាងប្រជាជនប្រហែល ១,៦លាននាក់ នៅក្នុងខេត្ត Jiangxi ទទួលរងផលប៉ះពាល់ និងបណ្ដាលឲ្យសេដ្ឋកិច្ចជាតិខាតបង់ដល់ទៅជាង ២ពាន់លានយ៉ន់ថែមទៀត៕