ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគតម្លៃជិត ១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថ្មី នៅក្នុងប្រទេសតួកគី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើង នៅទីក្រុងអ៊ីស្តង់ប៊ុល រវាងនាយកប្រតិបត្តិក្រុមហ៊ុន BYD លោក Wang Chuanfu និងរដ្ឋមន្ត្រីឧស្សាហកម្ម និងបច្ចេកវិទ្យារបស់តួកគី លោក Fatih Kacir ដោយមានការចូលរួមពីសំណាក់ប្រធានាធិបតី លោក Recep Tayyip Erdogan ផងដែរ។
យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាតួកគី បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន BYD នឹងបើករោងចក្រផលិតរថយន្តថ្មីមួយ ដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំក្នុងចំនួន ១៥ម៉ឺនគ្រឿង ព្រមទាំងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍផងដែរ។
គួរឲ្យដឹងផងដែរថា រោងចក្រថ្មីនេះ អាចនឹងផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងស្រុកចំនួន ៥ពាន់នាក់ ដោយគ្រោងនឹងចាប់ផ្តើមផលិតកម្ម នៅចុងឆ្នាំ២០២៦ ខាងមុខ។
បើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងទៀតថា BYD មានគោលដៅក្នុងការលក់រថយន្តអគ្គិសនីរបស់ខ្លួនប្រហែល ២០ ០០០ គ្រឿង ទៅ ២៥ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅលើទីផ្សារតួកគី និងនាំចេញចំនួន ៧៥ ០០០ គ្រឿងទៅកាន់សហភាពអឺរ៉ុប៕